លោក ពូទីន ព្រមានអឺរ៉ុបថា បើចង់បង្កសង្រ្គាម រុស្ស៉ីត្រៀមខ្លួនជាស្រេច ប៉ុន្តែអឺរ៉ុបនឹងចាញ់យ៉ាងអាម៉ាស់ រហូតគ្មាននៅសល់អ្នកដើម្បីចរចាសន្តិភាព (Video inside)

03-12-2025 14:22

(មូស្គូ)៖ កាលពីថ្ងៃអង្គារសប្តាហ៍នេះ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានព្រមានក្រុមមហាអំណាចអឺរ៉ុបថា ប្រសិនបើពួកគេ បង្កសង្រ្គាមជាមួយរុស្ស៉ី នោះទីក្រុងមូស្គូត្រៀមលក្ខណៈជាស្រេចដើម្បីប្រយុទ្ធ ប៉ុន្តែអឺរ៉ុបមុខជានឹងទទួលបរាជ័យយ៉ាងអាម៉ាស់បំផុត រហូតដល់ថ្នាក់គ្មាននៅសល់អ្នក ដែលអាចមកចរចារក កិច្ចព្រមព្រៀងសន្តិភាពឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

ស្របពេលដែលសង្រ្គាមនៅអ៊ុយក្រែន បន្តអូសបន្លាយជិត៤ឆ្នាំហើយនោះ ដែលជាជម្លោះដ៏ប្រល័យបំផុតនៅអឺរ៉ុប គិតចាប់តាំងពីសង្រ្គាមលោកលើកទី២ រុស្ស៉ីនៅមិនទាន់អាចវាយបំបាក់អ៊ុយក្រែន ដែលជាប្រទេសតូចជាងឆ្ងាយ គាំទ្រដោយក្រុមមហាអំណាចអឺរ៉ុប និងសហរដ្ឋអាមេរិក នៅឡើយទេ។ អ៊ុយក្រែននិងក្រុមមហាអំណាចអឺរ៉ុប បានព្រមានថា ប្រសិនបើលោក ពូទីន ឈ្នះសង្រ្គាមនៅអ៊ុយក្រែន នោះលោកប្រធានាធិបតីរុស្ស៉ី អាចនឹងវាយប្រហារលើសមាជិកណាមួយរបស់ NATO ជាការអះអាងដែលលោក ពូទីន បានច្រានចោលថា មិនសមហេតុផលទាល់តែសោះ។

នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត អំពីការអត្ថាធិប្បាយមួយក្នុងប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី​ ដែលថារដ្ឋមន្រ្តីការបរទេសហុងគ្រី លោក Peter Szijjarto បានព្រមានថា អឺរ៉ុបកំពុងត្រៀមធ្វើសង្រ្គាមប្រឆាំងរុស្ស៉ី លោក ពូទីន បានឆ្លើយថា រុស្ស៉ីមិនចង់ផ្ទុះសង្រ្គាម​ជាមួយអឺរ៉ុបទេ។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា ប្រសិនបើអឺរ៉ុបចង់បានសង្រ្គាមជាមួយរុស្ស៉ី ហើយចាប់ផ្តើមវាមុន សង្រ្គាមនោះនឹង​បញ្ចប់ទៅយ៉ាងឆាប់រហ័សបំផុតសម្រាប់អឺរ៉ុប រហូតដល់ថ្នាក់រុស្ស៉ីមិនមានអ្នកដែលអាចនៅចរចាជាមួយឡើយ។ លោក ពូទីន បានអះអាងថា សង្រ្គាមនៅអ៊ុយក្រែន គឺមិនមែនសង្រ្គាមពេញទំហឹងមួយនោះទេ ដោយមកទល់ពេលនេះ រុស្ស៉ីមិនបញ្ចេញសមត្ថភាព​អស់ឡើយ ប៉ុន្តែវានឹងពុំដូច្នោះទេ ក្នុងករណីត្រូវប្រឈមមុខផ្ទាល់ ជាមួយក្រុមមហាអំណាចអឺរ៉ុប។

គួរបញ្ជាក់ថា កាលពីខែកុម្ភៈ ឆ្នាំ២០២២ លោក ពូទីន បានបញ្ជាកងទ័ពរុស្ស៉ីរាប់ម៉ឺននាក់វាយលុកចូលអ៊ុយក្រែន ដែលបង្កជា​ការប្រឈមមុខដ៏ធំបំផុត រវាងរុស្ស៉ីនិងលោកខាងលិច គិតចាប់តាំងពីសម័យសង្រ្គាមត្រជាក់។ យោងតាមការវាយតម្លៃរបស់អាមេរិក បុរសជនជាតិរុស្ស៉ីនិងអ៊ុយក្រែនសរុបច្រើនជាង១.២លាននាក់ បានស្លាប់ឬរងរបួសនៅក្នុងសង្រ្គាមនេះ ប៉ុន្តែភាគីទាំងពីរសុទ្ធតែមិន​បញ្ចេញតួលេខផ្លូវការដូចគ្នា៕