លោក ត្រាំ លើកលែងទោសអតីតប្រធានាធិបតីហុងឌូរ៉ាស ដែលត្រូវជាប់ពន្ធនាគារ៤៥ឆ្នាំ ពាក់ព័ន្ធការរត់ពន្ធកូកាអ៉ីនចូលអាមេរិក (Video inside)
03-12-2025 15:02
(វ៉ាស៉ីនតោន)៖ ប្រធានាធិបតី ដូណាល់ ត្រាំ បានលើកលែងទោសអតីតប្រធានាធិបតីហុងឌូរ៉ាស លោក Juan Orlando Hernandez ដោយដោះលែងពីការកាត់ទោសជាប់ពន្ធនាគាររយៈពេល ៤៥ឆ្នាំ ពីបទសមគំនិតក្នុងការនាំចូលគ្រឿងញៀនកូកាអ៉ីនរាប់តោន ចូលក្នុងសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ ២០២៥។
លោក ត្រាំ ប្រាប់អ្នកសារព័ត៌មាននៅឯសេតវិមានថា លោកបានដោះលែង លោក Hernandez តាមការអង្វរករពីហុងឌូរ៉ាស ហើយបានអះអាងដោយមិនបញ្ចេញភស្តុតាងថា លោក Hernandez ក្លាយជាជនរងគ្រោះនៃការប្រមាញ់ ដោយរដ្ឋបាលអាមេរិកមុន។ លោក ត្រាំ ចេញបញ្ជាកាលពីថ្ងៃចន្ទដើមសប្តាហ៍ ហើយលោក Hernandez ត្រូវបានដោះលែងពីពន្ធនាគារ Hazelton រដ្ឋ West Virginia នាថ្ងៃដដែលនោះ។
ក្រុមអ្នកប្រជាធិបតេយ្យហៅលោកត្រាំ ថាជាមនុស្សលាក់ពុត ដែលបានបង្កើនយុទ្ធនាការប្រឆាំង លំហូរគ្រឿងញៀនខុសច្បាប់ចូលអាមេរិក តែបែរជាដោះលែងបុរសម្នាក់ ដែលត្រូវបានកាត់ទោសពីបទប្រើអំណាច ជួយអ្នកជួញដូរគ្រឿងញៀនទៅវិញ។
គួរបញ្ជាក់ថា អំឡុងសវនាការកាត់ទោស លោក Hernandez បានប្រកែកថា ក្រុមជួញដូរបានផ្តល់សក្ខីកម្មប្រឆាំងនឹងរូបលោក ដោយសារតែលោកបានជួយធ្វើបត្យាប័នពួកគេ ពីហុងឌូរ៉ាសទៅកាន់សហរដ្ឋអាមេរិក។ ពេលស្ថិតក្នុងពន្ធនាគារ លោក Hernandez បានសរសេរសំបុត្រមួយច្បាប់ទៅ លោក ត្រាំ ដោយនិយាយថា លោកត្រូវបានកំណត់គោលដៅ ដោយរដ្ឋបាលលោក បៃដិន ហើយការចោទប្រកាន់លើរូបលោក គឺមានហេតុផលនយោបាយ៕







