លុយរូពីឥណ្ឌា ធ្លាក់ថ្លៃដល់ក្រោម៩០រូពី ក្នុង១ដុល្លារ ដោយសារតែកត្តាពន្ធគយអាមេរិក និងលំហូរចេញនៃមូលធន (Video inside)

03-12-2025 15:27

(MUMBAI)៖ នាថ្ងៃពុធ ទី៣ ខែធ្នូ លុយរូពីឥណ្ឌា បានធ្លាក់ចុះហួសកម្រិតនៃការចរាចរសាច់ប្រាក់ គឺក្រោម ៩០រូពីក្នុង ១ដុល្លារ ដែលបន្តធ្លាក់ចុះអស់រយៈពេល ៨ខែមកហើយ ដោយសារលំហូរចេញនៃប្រាក់ដុល្លារក្នុងពាណិជ្ជកម្ម និងការវិនិយោគ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ទន្ទឹមគ្នានេះ ភាពប្រញាប់ប្រញាល់នៃក្រុមហ៊ុននានា ដើម្បីការពារប្រឆាំងនឹងភាពទន់ខ្សោយបន្ថែមទៀត ក៏បានធ្វើឱ្យតម្លៃរូបិយប័ណ្ណធ្លាក់ចុះផងដែរ។ រូពី ក្លាយជារូបិយបណ្ណតម្លៃថោកជាងគេនៅអាស៉ី ដោយបានធ្លាក់ចុះអស់ ៥ភាគរយ ធៀបនឹងការជួញដូរទៅលុយដុល្លារ ពីមួយឆ្នាំទៅមួយឆ្នាំ ខណៈពន្ធគយ ៥០ភាគរយរបស់សហរដ្ឋអាមេរិកលើទំនិញឥណ្ឌា ប៉ះពាល់ដល់ការនាំចេញទៅកាន់ទីផ្សារដ៏ធំបំផុតរបស់ខ្លួន និងធ្វើឱ្យចំណែកភាគហ៊ុនរបស់អ្នកវិនិយោគបរទេស ថយចុះ។

បើនិយាយពីលំហូរចេញនៃសាច់ប្រាក់ ឥណ្ឌាគឺជាទីផ្សារដែលរងគ្រោះខ្លាំងបំផុតមួយទូទាំងពិភពលោក ដោយការលក់ភាគហ៊ុនសុទ្ធរបស់អ្នកវិនិយោគបរទេស មានចំនួនជិត ១៧ពាន់លានដុល្លារ រហូតមកដល់ពេលនេះ។ ការដកខ្លួនរបស់ក្រុមហ៊ុន IPO ដែលកំពុងរីកចម្រើននៅឥណ្ឌា នាំឱ្យមានលំហូរចេញទុនវិនិយោគដ៏សម្បើម ខណៈដែលក្រុមហ៊ុនមូលធនឯកជន និងបណ្តាក់ទុននានា ក៏បានដកប្រាក់ពីការវិនិយោគមុនៗផងដែរ៕