សហភាពអឺរ៉ុប ឯកភាពគ្នាលើកិច្ចព្រមព្រៀង បញ្ចប់ទាំងស្រុងការនាំចូលឧស្ម័នរុស្ស៉ី នៅត្រឹមរដូវស្លឹកឈើជ្រុះឆ្នាំ២០២៧ (Video inside)

03-12-2025 15:59

(ព្រុចសែល)៖ នាថ្ងៃពុធនេះ ក្រុមសមាជិកសភាសហភាពអឺរ៉ុប (EU) និងបណ្តារដ្ឋជាសមាជិក បានឈានដល់កិច្ចព្រមព្រៀងមួយ ដើម្បីហាមឃាត់ទាំងស្រុង នូវការនាំចូលប្រេងរបស់រុស្ស៉ី ត្រឹមសរទរដូវ ឬរដូវស្លឹកឈើជ្រុះ ឆ្នាំ២០២៧ ស្របពេលដែល EU ព្យាយាមរាំងខ្ទប់ប្រភពចំណូលដ៏សំខាន់មួយ ដែលទីក្រុងមូស្គូយកទៅទ្រទ្រង់ កិច្ចប្រឹងប្រែងសង្រ្គាមនៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី៣ ខែធ្នូ ឆ្នាំ២០២៥។

កិច្ចព្រមព្រៀងខាងលើ មានគោលដៅកាត់ផ្តាច់ការពឹងផ្អែក ដែលប្លុក EU ពិបាកនឹងបញ្ចប់ឱ្យដាច់ស្រឡះ ចាប់តាំងពីពេលមានការឈ្លានពាន​លើអ៊ុយក្រែន កាលពីឆ្នាំ២០២២។ ក្រោមកិច្ចព្រមព្រៀងនោះ កិច្ចសន្យារយៈពេលវែងស្តីពីការផ្គត់ផ្គង់ឧស្ម័នតាមបំពង់បង្ហូរ ដែលជាប្រភេទកិច្ចសន្យារសើបជាងគេ នឹងត្រូវហាមឃាត់ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៧ ហើយយូរបំផុតនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៧។

រីឯសម្រាប់ឧស្ម័នធម្មជាតិរាវ LNG កិច្ចសន្យារយៈពេលវែង នឹងត្រូវហាមឃាត់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៧ ស្របតាមការអំពាវនាវ​របស់ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen ដើម្បីរឹងបន្តឹងទណ្ឌកម្មលើទីក្រុងមូស្គូ។ ដោយឡែក កិច្ចសន្យា​រយៈពេលខ្លី នឹងត្រូវហាមឃាត់លឿនជាងនេះ គឺពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ សម្រាប់ឧស្ម័ន LNG និងពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ សម្រាប់ឧស្ម័នផ្គត់ផ្គង់តាមបំពង់បង្ហូរ។

ចំណែកនៃឧស្ម័នរុស្ស៉ីនៅក្នុងការនាំចូលរបស់ EU បានធ្លាក់ចុះពី៤៥ភាគរយ នៅឆ្នាំ២០២១ មកត្រឹម១៩ភាគរយ កាលពីឆ្នាំ២០២៤។ ប៉ុន្តែស្របពេលកាត់បន្ថយការនាំចូលតាមបំពង់បង្ហូរ អឺរ៉ុបបានងាកទៅរកឧស្ម័ន LNG ដែលដឹកជញ្ជូនតាម​កប៉ាល់។

គួរបញ្ជាក់ថា ស្ថិតនៅពីក្រោយសហរដ្ឋអាមេរិក ដែលទទួលបន្ទុក៤៥ភាគរយ រុស្ស៉ីបន្តជាអ្នកផ្គត់ផ្គង់សំខាន់មួយ ដែលរ៉ាប់រងប្រហែល​២០ភាគរយ នៃការនាំចូល LNG របស់ EU កាលពីឆ្នាំ២០២៤ ស្មើនឹង២០ពាន់លានម៉ែគូប ក្នុងចំណោម១០០ពាន់លានម៉ែត្រគូប។ ការនាំចូល LNG របស់រុស្ស៉ី ចូលមក EU នៅត្រូវបានរំពឹងថា នឹងគិតជាទឹកប្រាក់ស្មើ ១៥ពាន់លានអឺរ៉ូ ក្នុងឆ្នាំនេះ៕