រួមគ្នាបន្ស៊ីជាមួយគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល បង្កើតអនាគតដ៏ល្អប្រសើរសម្រាប់ពិភពលោក
03-12-2025 16:31
(ប៉េកាំង)៖ ដោយប្រកាន់ខ្ជាប់ថា «សន្តិភាពជាមូលដ្ឋាន» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលត្រូវបានផ្តួចផ្តើមកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៥ នឹងក្លាយជាគ្រឹះសម្រាប់ផ្តល់ក្តីសង្ឃឹម និងបំណងប្រាថ្នាយូរអង្វែងរួមជូនដល់មនុស្សជាតិ តាមរយៈការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសចិន ដោយប្រទេសចិនបានចាត់ទុកថាសន្តិភាពជាខ្យល់និងជាពន្លឺរស្មី។
កិច្ចខិតខំទទួលបានសន្តិភាព និងការតស៊ូដើម្បីថែរក្សាសន្តិភាព មិនមែនបានដោយសារយើងឈរអោបដៃមើលនោះទេ តែជាការប្រឹងប្រែងរួមគ្នាដោយគាំទ្រលើចក្ខុវិស័យសន្តិសុខគ្រប់ជ្រុងជ្រោយ និងសហការគ្នាដោយ គោរពឱ្យម៉ឹងម៉ាត់នូវអធិបតេយ្យភាព និងបូរណភាពដែនដីគ្នាទៅវិញទៅមក ជាក់ស្តែងការគាំទ្ររបស់សហគមន៍អន្តរជាតិ លើគោលការណ៍ចិនតែមួយជាឧទាហរណ៍បញ្ជាក់ស្រាប់។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះពិភពលោកនឹងយល់ឥតមន្ទិល ពីចក្ខុវិស័យរបស់ប្រទេសចិនក្នុងការជំរុញល្បឿនទំនើបកម្ម របស់ពិភពលោកដោយឈរ រួមគ្នាលើទម្រនៃសន្តិភាព និងវឌ្ឍនភាពរួម ហើយលុបបំបាត់សង្វៀន នៃការវាយប្រយុទ្ធគ្នាតាមបែបយោធានិយម បង្កចលាចល និងទាញពិភពលោកត្រឡប់ទៅកាន់សោកនាដកម្មដូចកាលពី៨០ឆ្នាំមុន ដូចទៅនឹងទស្សនៈដែលថា «ប្រវត្តិសាស្ត្រអាចប្រើប្រាស់ ធ្វើជាមគ្គុទ្ទេសក៍សម្រាប់អនាគត ប្រសិនបើប្រវត្តិសាស្រ្តនោះមិនត្រូវបានគេបំភ្លេចចោល»។
ជាមួយនិងការធ្វើទំនើបកម្មសង្គមរបស់ខ្លួន ប្រទេសចិនតែងបានផ្តល់ទស្សនាទានជូនដល់ ពិភពលោកក្នុងការទាញយក កាលានុវត្តភាពពី «ផែនការ៥ឆ្នាំ»របស់ខ្លួន ហើយកាលពីថ្ងៃទី២០-២៣ ខែតុលា ឆ្នាំ២០២៥នេះ កិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណត្តិទី២០ បានពិនិត្យនិងអនុម័តលើសំណើ «ផែនការ៥ឆ្នាំ លើកទី១៥ (ឆ្នាំ២០២៦-ឆ្នាំ២០៣០)»។
ដោយប្រតិបត្តិតាម «ការអភិវឌ្ឍជាកូនសោរមាស» នោះគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងក្លាយជាត្រីវិស័យ ប្រកបដោយភាពសុក្រឹតលើសណ្តាប់ធ្នាប់អន្តរជាតិដែលនឹងបង្កើនការគាំទ្រនិងការជំរុញសេរីភាពនិងការសម្របសម្រួលលើពាណិជ្ជកម្មនិងការវិនិយោគ ដើម្បីកាត់បន្ថយគម្លាត ជើង-ត្បូង និងគាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍក្នុងការបង្កើនសមត្ថភាពលើ វឌ្ឍនភាពតាមមាគ៌ានៃការអភិវឌ្ឍរបស់ខ្លួន។ ជាសច្ចភាព ប្រទេសចិនតែងបានត្រៀមខ្លួនរួចជាស្រេចនៅក្នុង កិច្ចសហការជាមួយប្រទេសទាំងអស់ ក្នុងកិច្ចប្រឹងប្រែងរួមគ្នាដើម្បីបង្កើតអនាគតដ៏ភ្លឺស្វាងសម្រាប់មនុស្សជាតិ។
គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ក៏បានរំលេចផងដែរពីការរួមបញ្ចូលគ្នា នូវផលប្រយោជន៍សម្រាប់កំណើនសេដ្ឋកិច្ចពិភពលោក ប្រកបដោយតុល្យភាព ដោយប្រឆាំងដាច់ខាតចំពោះការលេងល្បែងផលបូកស្មើសូន្យ ហើយជំនួសមកវិញ នូវការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបញ្ហាផ្អែកលើតថភាព និងរួមគ្នានាំមកនូវភាពវិជ្ជមានដល់គ្នាទៅវិញទៅមក។ ជាក់ស្តែង គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងផ្តល់កម្លាំងដល់ «ផែនការ៥ឆ្នាំលើកទី១៥» ដែលនឹងផ្តើមពីឆ្នាំ២០២៦ខាងមុខនេះ ដោយបង្ហាញកាន់តែច្បាស់ពីតួនាទីយ៉ាងសកម្មរបស់ប្រទេសចិន នៅក្នុងការបន្តប្រកាន់ខ្ជាប់ទៅនឹងយុទ្ធសាស្រ្ត បើកចំហកម្មវិធីដើម្បីផលប្រយោជន៍ទៅវិញទៅមក បន្តជំរុញការកែទម្រង់ពាក់ព័ន្ធនឹងវិនិយោគនិងពាណិជ្ជកម្ម លើកកម្ពស់ច្បាប់និងបទបញ្ញត្តិពាក់ព័ន្ធ និងដោះស្រាយវិវាទពាណិជ្ជកម្មដោយឈរលើ ការពិគ្រោះយោបល់និងច្បាប់អន្តរជាតិ ហើយប្រទេសចិនតែងប្រកាន់ខ្ជាប់ជានិច្ច នូវប្រព័ន្ធពាណិជ្ជកម្មពហុភាគីដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាប័ន្ន និងគ្មានការរើសអើង ហើយលើកទឹកចិត្តដល់ពិភពលោករួមគ្នា កសាងសេដ្ឋកិច្ចពិភពលោកមួយដែលបើកចំហ។
ដោយចាត់ទុក «សហប្រតិបត្តិការឈ្នះ–ឈ្នះជាមាគ៌ាអាទិភាពតែមួយគត់» គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងបន្តជា យន្តការដ៏មានភាពស័ក្តិសិទ្ធិក្នុង ការជំរុញល្បឿនសេដ្ឋកិច្ចសកលចូលក្នុងដំណាក់កាលថ្មី ហើយសហគមន៍អន្តរជាតិ បានយល់ស្របជាមួយចិនថា «ទោះបីជាភ្នំមានកម្ពស់ខ្ពស់យ៉ាងណាក៏មនុស្សអាចឡើងដល់កំពូល ហើយបើទោះបីជាផ្លូវដើរវែងយ៉ាងណា ក៏មនុស្សដើរទៅដល់» ជាសក្ខីភាពបញ្ជាក់ថា គំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដែលជាមាគ៌ាដ៏ត្រឹមត្រូវបំផុតដែលនឹងជួយដល់ មនុស្សជាតិសម្រេចបានគោលដៅរបស់ខ្លួន។
ដោយបានតាមដានពីវឌ្ឍនភាព នៃការរីកចម្រើនលើវិស័យសេដ្ឋកិច្ចរបស់ប្រទេសចិន ចាប់តាំងពីការអនុវត្តផែនការ៥ឆ្នាំលើកទី១ នៅឆ្នាំ១៩៥៣មក ដោយឆ្លងកាត់ការអនុវត្តផែនការ៥ឆ្នាំចំនួន១៤លើក ប្រទេសចិនសម្រេចបានជោគជ័យយ៉ាងធំធេង ពីប្រទេសកសិកម្មដែលក្រីក្រនិងទន់ខ្សោយ មកជាប្រទេសដែលមានផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់លើសពី១៣ ០០០ដុល្លារអាមេរិក និងវិស័យផលិតកម្មគ្របដណ្តប់ជិត ៣០%នៃពិភពលោក ហើយបានរួមចំណែកយ៉ាងសកម្មក្នុងបេសកកម្មរួម របស់មនុស្សជាតិលើការដោះស្រាយនូវបញ្ហាសកល ដែលនាំឱ្យពេលនេះ គ្រប់គ្នានៃពិភពលោកកំពុងយកចិត្តទុកដាក់សម្លឹងមើល មកប្រទេសចិនលើសំណើ «ផែនការ៥ឆ្នាំលើកទី១៥» ដែលនឹងរួមចំណែកដល់ការបង្កើតយន្តការសកល ប្រកបដោយសមធម៌ និងភាពស័ក្តិសិទ្ធក្នុងការអភិវឌ្ឍសកល ប្រកបដោយចីរភាពកម្រិតខ្ពស់ និងទំនាក់ទំនងអន្តរជាតិបែបថ្មីដែលផ្អែកលើមូលដ្ឋាន នៃកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
ដោយគោរពយ៉ាងខ្ជាប់ខ្ជួននូវ «អធិបតេយ្យភាពរដ្ឋជាគ្រឹះនៃមិត្តភាព» គំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនឹងក្លាយជា មូលដ្ឋានគ្រឹះនៃសណ្តាប់ធ្នាប់អន្តរជាតិដោយបង្កើន ឧត្តមានុភាពដល់ធម្មនុញ្ញអង្គការសហប្រជាជាតិ និងលិខិតូបករណ៍ច្បាប់មួយចំនួន ស្តីពីសន្តិសុខនយោបាយ ពាណិជ្ជកម្ម ការអភិវឌ្ឍ បញ្ហាសង្គម សិទ្ធិមនុស្ស វិទ្យាសាស្រ្ត បច្ចេកវិទ្យា សុខភាព ការងារ កម្មសិទ្ធិបញ្ញា វប្បធម៌ រួមនិងកីឡា។ តាមរយៈគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល នោះសុពលភាពរបស់ច្បាប់នឹងត្រូវបានបង្កើន ហើយចិននឹងដើរតួនាទីកាន់តែសកម្មនៅក្នុងការលើកកម្ពស់ សិទ្ធិអំណាចរបស់នីតិរដ្ឋអន្តរជាតិ អនុវត្តសិទ្ធិឲ្យស្របតាមច្បាប់ ហើយបំពេញកាតព្វកិច្ចប្រកបដោយភាពស្មោះត្រង់។
ច្បាស់លាស់ណាស់ដែលថា គំនិតផ្តួចផ្តើមនេះនឹងផ្តល់ជូននូវសុពលភាពរបស់ច្បាប់ ប្រកបដោយសមភាព និងភាពយុត្តិធម៌ ហើយច្រានចោលនូវរាល់ការអនុវត្តច្បាប់ដោយប្រើស្តង់ដារ២ផ្សេងគ្នា ឬការអនុវត្តដោយផ្នែក ពោលគឺគំនិតផ្តួចផ្តើម អភិបាលកិច្ចសកលនឹងធានាបាននូវសមភាពពិតប្រាកដ និងយុត្តិធម៌នៅលើពិភពលោក។ ដូចដែលពិភពលោក បានរៀនសូត្រពីស្មារតីផ្លូវសូត្របុរាណ ស្មារតីបានឌុង ស្មារតីសៀងហៃ និងស្មារតីសន្តិភាពនិយមជាច្រើនទៀត ដែលបានផ្តើមដោយប្រទេសចិន ហើយពិភពលោកបានយល់ស្របគ្នាថា «គោលការណ៍ចិនតែមួយ»ដែលបានគូសរំលេច យ៉ាងច្បាស់ថា «តៃវ៉ាន់ស្ថិតនៅក្នុងដែនអធិបតេយ្យភាពទាំងស្រុង របស់ប្រទេសចិន» ជាមូលដ្ឋានគ្រឹះនៃមិត្តភាព និងកិច្ចសហប្រតិបត្តិការត្រឹមត្រូវ ស្របតាមគោលការណ៍ច្បាប់អន្តរជាតិ ដូចមានខ្លឹមសារចែងក្នុងសេចក្តីសម្រេចចិត្តលេខ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិជាទឡ្ហីករណ៍បញ្ជាក់ស្រាប់។
ជារួម ពិភពលោកបាននិងកំពុងយល់ស្របគ្នាថា «ដើរជាមួយចិនគឺដើរជាមួយកាលានុវត្តភាព ហើយជឿជាក់លើចិន គឺជឿជាក់លើអនាគត» និងឯកភាពថាបទពិសោធន៍របស់ប្រទេសចិន លើស្នាដៃឯកក្នុងការលុបបំបាត់ភាពក្រីក្រ សន្តិសុខស្បៀង សន្តិសុខថាមពល ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍបៃតង សុខុមាលភាពរបស់ប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការបង្កើនសមត្ថភាពមូលធនមនុស្សនៅក្នុងប្រទេស គឺជាគ្រឹះនៃកិច្ចសហគមន៍រួមវាសនា របស់មនុស្សជាតិ ព្រមទាំងជាចក្ខុវិស័យប្រកបដោយភាពប្រាកដប្រជា សម្រាប់ពិភពលោកក្នុងការបន្ស៊ីនិងចូលរួមយ៉ាងសកម្ម ទៅក្នុងចរន្តនៃគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលនិយាយដោយឡែក និងរាល់គំនិតផ្តួចផ្តើមរបស់ប្រទេសចិននិយាយរួម៕
ដោយបណ្ឌិត ជា មុនីឫទ្ធិ
ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន




