បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញ គឺគ្មានច្រកចេញទាល់តែសោះ
03-12-2025 17:40
(ប៉េកាំង)៖ មនុស្សដែលគ្មានភាពស្មោះត្រង់មិនអាចទទួលបានសច្ចភាព ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោក មិនអាចទទួលបានកេរ្តិ៍ឈ្មោះ។ ក្នុងនាមជាប្រទេសបំផុសសង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅនូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀននៃប្រវតិ្តសាស្ត្រ និងដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់សម្រាប់ឱ្យជប៉ុនត្រឡប់ទៅ សហគមន៍អន្តរជាតិវិញ ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ឱ្យ ជប៉ុនអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយក៏ជាម៉ែត្រសម្រាប់វាយតម្លៃថា តើប្រទេសជប៉ុនអាចគោរពនិងអនុវត្ត ពាក្យសន្យារបស់ខ្លួនស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ។
ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបន្ធូរបន្ថយសិទ្ធិស្វ័យការពារជាបន្តបន្ទាប់ បានបន្ធូរការរឹតបន្តឹងការនាំចេញ អាវុធជាច្រើនលើក ហើយបានអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ ប៉ុនប៉ងបង្កើតវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ”។ ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង “ធម្មនុញ្ញសន្តិភាព” និងគោលការណ៍ “ស្វ័យការពារ” របស់ជប៉ុន បានធ្វើឱ្យប្រទេសអាស៊ីនៅជិតខាង និងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្ររបស់ជប៉ុន។
ជាពិសេស ខណៈពេលចូលរួមការជជែកដេញដោលក្នុងរដ្ឋសភា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុន បានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ការនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែក បញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធន បានលាតត្រដាងយ៉ាងច្បាស់នូវធាតុពិតដ៏អាក្រក់របស់លោកស្រី ដែលបំពានធម្មនុញ្ញសន្តិភាព និងបានបំផ្លេចបំផ្លាញសណ្តាប់ធ្នាត់អន្តរជាតិ។
ប្រឈមនឹងទង្វើរបស់ជប៉ុនប្រកបដោយគ្រោះថ្នាក់ សហគមន៍អន្តរជាតិបានចេញផ្សាយការព្រមានយ៉ាងច្បាស់លាស់ តម្រូវឱ្យជប៉ុនប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និងពិចារណាពីកំហុសខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពាន បញ្ឈប់បំភាន់មតិសាធារណៈ ក្នុងអន្តរជាតិ និងបញ្ឈប់ធ្វើទង្វើនិងបញ្ចេញពាក្យសម្តីខុសឆ្គងក្នុងបញ្ហាពាក់ព័ន្ធ ក៏ដូចជាប្រកាន់ខ្ជាប់ដើរ តាមមាគាអភិវឌ្ឍន៍ដោយសន្តិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិ តាមរយៈអាកប្បកិរិយាមានទំនួលខុសត្រូវ និងការអនុវត្តជាក់ស្តែង។
លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិនបានសង្កត់ធ្ងន់ថា បើសិនជាជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញ នោះប្រជាជនចិនមិនទទួលយកជាដាច់ខាត សហគមន៍អន្តរជាតិមិនអនុញ្ញាតជាដាច់ខាត ចុងក្រោយពិតជានឹងទទួល ការបរាជ័យជាមិនខាន ។ ក្រសួងការបរទេសរុស្សីបានបង្ហោះវីដេអូអំពីការចុះចាញ់របស់ជប៉ុន តាមរយៈបណ្តាញទំនាក់ទំនងសង្គម ក្នុងន័យដាស់តឿនជប៉ុនក្រេបជញ្ជក់យកមេរៀន នៃប្រវតិ្តសាស្ត្រ ។ ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការ ដោយបញ្ជាក់សារជាថ្មីថា តៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ប្រទេសចិន បញ្ហាដែលទាក់ទងនឹង តៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ សាធារណរដ្ឋប្រជាមានិតចិនសុទ្ធសាធ និងប្រឆាំងនឹង “ឯករាជ្យតៃវ៉ាន់” គ្រប់ទម្រង់។ ក្រៅពីនេះ ប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងមីយ៉ាន់ម៉ាជាដើមក៏បានបង្ហាញអាកប្បកិរិយាយ៉ាងច្បាស់ រិះគន់ថ្នាក់ដឹកនាំជប៉ុន ដែលមានការយល់ដឹងខុសឆ្គង់ ចំពោះប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទីពីរ ។
ពាក្យសម្តីរបស់លោកស្រី Sanae Takaichi ក៏បានបង្កឱ្យមានការរំជើបរំជួលយ៉ាងខ្លាំងនៅក្នុងប្រទេសជប៉ុនផងដែរ ទាំងអ្នកនយោបាយជើងចាស់និងប្រជាពលរដ្ឋសាមញ្ញ សុទ្ធតែសម្តែងការមិនពេញចិត្ត និងការប្រឆាំងតាមរយៈរូបភាពខុសៗគ្នា ។ លោក Kiichiro Hatoyama អតីតនាយករដ្ឋមន្ត្រីជប៉ុនបាននិយាយត្រង់ៗថា ទំនាក់ទំនងរវាងជប៉ុននិងចិននឹងធ្លាក់ក្នុង សភាអាក្រក់បំផុតដោយសារពាក្យសម្តីនេះ ហើយទាមទារឱ្យលោកស្រីកែតម្រូវកំហុសភ្លាមៗ ។ លោក Ishiba Shigeru អតីតនាយករដ្ឋមន្ត្រីជប៉ុនបានរិះគន់ពាក្យសម្តីជាសាធារណៈ ចំនួនពីរលើក ដោយបានសង្កត់ធ្ងន់ថា ចាប់តាំងពីរការស្តារទំនាក់ទំនងរវាង ជប៉ុននិងចិនឱ្យមានភាពប្រក្រតីឡើងវិញមក គោលជំហររបស់រដ្ឋាភិបាលអាណត្តិនីមួយៗ ដែលគោលរពគោលការណ៍ចិនមួយ មិនអនុញ្ញាតឱ្យកែប្រែឡើយ។
ការចងចាំនិងការពិត នៃប្រវត្តិសាស្ត្រមិនរសាយបាត់ទៅតាមពេលវេលាឡើយ ជប៉ុនដែលធ្លាប់នាំមកនូវសោកវិនសកម្មដ៏ឈឺចាប់ ដល់ប្រជាជនអាស៊ី គួរពិចារណា និងធ្វើការកែកំហុសរបស់ខ្លួនអោយបានប្រាកដប្រជា អនុវត្តពាក្យសន្យាចំពោះប្រទេសចិន និងសហគមន៍អន្តរជាតិតាមរយៈសកម្មភាពជាក់ស្តែង ដើម្បីទទួលបានការជឿទុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិ ។ ពិភពលោកនាពេលបច្ចុប្បន្ន មិនអនុញ្ញាតឱ្យយោធានិយមងើបឡើងវិញជាដាច់ខាត មិនអនុញ្ញាតឱ្យសន្តិភាព និងស្ថិរភាពសកលរងការបំផ្លាញជាដាច់ខាត ។ បើជប៉ុនចង់ដើរតាមផ្លូវយោធានិយមឡើងវិញ នោះទីបំផុតពិតជានឹងទទួលបរាជ័យនិង ភាពអាម៉ាស់មុខជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន








