ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ទៅដល់ក្រុងប៉េកាំង ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ (Video inside)

03-12-2025 18:23

(ប៉េកាំង)៖ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានទៅដល់ទីក្រុងប៉េកាំងនៅថ្ងៃពុធនេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសចិនរហូតដល់ថ្ងៃសុក្រ។ នេះបើតាមការចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន។

នេះគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៤ របស់លោក ម៉ាក្រុង ទៅកាន់ប្រទេសចិន និងជាដំណើរទស្សនកិច្ចតបស្នងចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ស៊ី ទៅកាន់ប្រទេសបារាំងកាលពីឆ្នាំមុន ដែលបានប្រារព្ធខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ លោក ស៊ី នឹងជួបពិភាក្សាការងារជាមួយលោក ម៉ាក្រុង ដើម្បីរួមគ្នាកំណត់ទិសដៅអភិវឌ្ឍន៍ទំនាក់ទំនងចិន-បារាំង និងផ្លាស់ប្តូរទស្សនៈស៊ីជម្រៅលើបញ្ហាអន្តរជាតិ និងតំបន់សំខាន់ៗ។

អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា ចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយបារាំង ដើម្បីពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅជំរុញទំនាក់ទំនងចិន-សហភាពអឺរ៉ុប និងរួមចំណែកដល់សន្តិភាព និងវិបុលភាពពិភពលោក៕