ប៉ាគីស្ថាន និងអាហ្វហ្គានីស្ថាន ជួបចរចាសន្តិភាពនៅអារ៉ាប៊ីសាអូឌីត និងយល់ព្រមរក្សាបទឈប់បាញ់ (Video inside)

03-12-2025 19:25

(រីយ៉ាដ)៖ រដ្ឋបាលតាលីបង់អាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន បានបើកកិច្ចចរចាសន្តិភាពថ្មីមួយនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត និងបានយល់ព្រមបន្តរក្សាបទឈប់បាញ់ ដើម្បីកាត់បន្ថយភាពតានតឹងរវាងប្រទេសជិតខាងទាំងពីរ។ នេះបើតាមការបង្ហើបពីប្រភពមន្ត្រីប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters។

កិច្ចពិភាក្សានេះធ្វើឡើងក្រោមគំនិតផ្តួចផ្តើមរបស់អារ៉ាប៊ីសាអូឌីត ដោយមានតំណាងមកពីយោធា ទីភ្នាក់ងារចារកម្ម និងការិយាល័យបរទេសរបស់ប៉ាគីស្ថានចូលរួម។ មន្ត្រីតាលីបង់ម្នាក់បានបញ្ជាក់ថា ភាគីទាំងពីរបានព្រមព្រៀងរក្សាបទឈប់បាញ់ និងបើកចំហចំពោះកិច្ចប្រជុំបន្ថែមទៀត។

ទំនាក់ទំនងរវាងប្រទេសទាំងពីរមានភាពតានតឹងខ្លាំង ដោយទីក្រុងអ៊ីស្លាម៉ាបាដចោទប្រកាន់ថា ក្រុមសកម្មប្រយុទ្ធដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថានបានវាយប្រហារប៉ាគីស្ថាន ប៉ុន្តែតាលីបង់បានបដិសេធ។ ថ្មីៗនេះ អាជ្ញាធរប៉ាគីស្ថានបានអះអាងថា ជនវាយប្រហារអត្តឃាតជាច្រើននាក់ គឺជាជនជាតិអាហ្វហ្គានីស្ថាន។

គួរបញ្ជាក់ថា ការប៉ះទង្គិចគ្នានៅព្រំដែនកាលពីខែតុលា បានសម្លាប់មនុស្សរាប់សិបនាក់ ដែលជាអំពើហិង្សាធ្ងន់ធ្ងរបំផុតចាប់តាំងពីឆ្នាំ២០២១។ ទោះបីជាមានការចុះហត្ថលេខាលើបទឈប់បាញ់នៅដូហាក៏ដោយ ក៏កិច្ចចរចានៅអ៊ីស្តង់ប៊ុលកាលពីខែមុនបានបរាជ័យ ដោយសារប៉ាគីស្ថានទាមទារការប្តេជ្ញាចិត្តជាលាយលក្ខណ៍អក្សរ ខណៈតាលីបង់បដិសេធមិនធានាសន្តិសុខឱ្យប៉ាគីស្ថាន៕