លោក ម៉ាឌូរ៉ូ អះអាងថាកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ត្រាំ ប្រព្រឹត្តទៅដោយភាពស្និទ្ធស្នាល (Video inside)
04-12-2025 09:12
(ការ៉ាកាស)៖ ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានទទួលស្គាល់កាលពីថ្ងៃពុធ ទី៣ ខែធ្នូ ថារូបលោកបានបើកកិច្ចសន្ទនាតាមទូរស័ព្ទមានភាពស្និទ្ធស្នាលជាមួយ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីជាង១០ថ្ងៃមុន នៅចំពោះមុខការបង្កើនវត្តមានយោធាអាមេរិកក្នុងតំបន់អាមេរិកឡាទីន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ថ្លែងក្នុងសុន្ទរកថាតាមកញ្ចក់ទូរទស្សន៍រដ្ឋ លោក ម៉ាឌូរ៉ូបានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំបានជជែកជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ។ ខ្ញុំអាចនិយាយបានថាកិច្ចសន្ទនា ប្រព្រឹត្តទៅប្រកបដោយការគោរពគ្នា ហើយខ្ញុំអាចនិយាយបានវាមានភាពស្និទ្ធស្នាល»។ លោកបន្ថែមថាប្រសិនបើកិច្ចសន្ទនានេះគឺជាការបោះជំហានមួយឆ្ពោះទៅរកកិច្ចសន្ទនាប្រកបដោយ ការគោរពរវាងរដ្ឋ និងរដ្ឋ រវាងប្រទេស និងប្រទេស នោះយើងនឹងស្វាគមន៍កិច្ចសន្ទនា ស្វាគមន៍ការទូត ពីព្រោះយើងតែងតែចង់បានសន្តិភាពជានិច្ច។
គួរបញ្ជាក់ថា ចាប់តាំងពីខែសីហាមក សហរដ្ឋអាមេរិកបានដាក់ពង្រាយនាវាចម្បាំងជាច្រើនគ្រឿង និងនាវាផ្ទុកយន្ដហោះចម្បាំងធំជាងគេបំផុតនៅលើពិភពលោក ទៅកាន់តំបន់ Caribbean ខណៈដឹកនាំការវាយប្រហារលើទូកសង្ស័យដឹកគ្រឿងញៀនលើយ៉ាងហោច ២២លើក ដោយសម្លាប់មនុស្ស ៨៣នាក់ នៅក្រោមហេតុផលបង្រ្កាបគ្រឿងញៀន។ ក៏ប៉ុន្តែ លោក ម៉ាឌូរ៉ូបាននិយាយថា ប្រតិបត្តិការយោធារបស់សហរដ្ឋអាមេរិកជាការប៉ុនប៉ងផ្ដួលរំលំរូបលោកចេញពីអំណាច និងដើម្បីគ្រប់គ្រងធនធានប្រេងរបស់វ៉េណេស៊ុយអេឡា។ លោក ត្រាំ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន ក៏បានទទួលស្គាល់ដែរថាបានបើកកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក ម៉ាឌូរ៉ូ ដោយមិនបានផ្ដល់ព័ត៌មានលម្អិតអ្វីទេ៕






