លោក ត្រាំ ថាលោក ពូទីន ចង់បញ្ចប់សង្រ្គាម ខណៈសហរដ្ឋអាមេរិកនឹងបើកកិច្ចពិភាក្សាថ្មីជាមួយអ៊ុយក្រែន (Video inside)

04-12-2025 09:41

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃពុធ ទី៣ ខែធ្នូថារូបលោកផ្ទាល់ជឿថាប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែន បើទោះជាកិច្ចចរចានៅមូស្គូមិនអាចសម្រេចបានលទ្ធផលជាដុំកំភួនក៏ដោយ ខណៈក្រុមមន្ត្រីអាមេរិកត្រៀមជួបពិភាក្សាជាមួយក្រុមមន្ត្រីអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

បេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ គឺលោក Jared Kushner បានជួបលោក ពូទីន នៅឯវិមានក្រឹមឡាំងជាច្រើនម៉ោងកាលពីថ្ងៃពុធ តែកិច្ចចរចាបានបិទបញ្ចប់ទៅដោយមិនអាចសម្រេចបានលទ្ធផលផ្លែផ្កាអ្វីទេ។ ក្រោយកិច្ចពិភាក្សា ខាងវិមានក្រឹមឡាំងបាននិយាយថាខ្លួនមើលឃើញថាផ្នែកខ្លះនៃផែនការបញ្ចប់សង្រ្គាមរបស់ សហរដ្ឋអាមេរិកមិនអាចទទួលបានឡើយ ក្នុងនោះរួមមានទាំងផ្នែកពាក់ព័ន្ធនឹងការតម្រូវឱ្យអ៊ុយក្រែនកាត់ទឹកដីឱ្យរុស្ស៉ីផងដែរ។ នៅពេលត្រូវបានសាកសួរដោយអ្នកកាសែត AFP អំពីកិច្ចពិភាក្សា នៅមូស្គូ លោក ត្រាំ បានកត់សម្គាល់ថា «ខ្ញុំអាចប្រាប់អ្នកបានថាពួកគេមានជំនួបដ៏ល្អប្រសើរមួយជាមួយប្រធានាធិបតី ពូទីន»

បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរថាតើលោកគិតថា លោក ពូទីន ពិតជាចង់បញ្ចប់សង្រ្គាមមែនឬ? លោក ត្រាំ បានឆ្លើយថាពិតណាស់ លោក ពូទីនចង់បញ្ចប់សង្រ្គាម។ ប៉ុន្តែលោក ត្រាំថាវាហាក់ដូចជាលឿនពេកដែលត្រូវប្រាប់ថាតើនឹងមានរឿងអ្វីកើតឡើង ពីព្រោះនេះជាបញ្ហាដែលគូជម្លោះ២ត្រូវស្វែងរកការឯកភាពគ្នាដើម្បីរកដំណោះស្រាយ។

គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក លោក Witkoff និងលោក Kushner នឹងត្រូវជួបក្រុមអ្នកចរចារបស់អ៊ុយក្រែន ដឹកនាំដោយលោក Rustem Umerov នៅរដ្ឋ Florida នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដើម្បីជជែកគ្នាពីអ្វីដែលបានកើតឡើងនៅក្នុងកិច្ចពិភាក្សានៅមូស្គូ៕