លោក ស៊ី ជីនពីង ក្រាលព្រំក្រហមទទួលស្វាគមន៍លោក ម៉ាក្រុង នៅប៉េកាំង (Video inside)

04-12-2025 10:06

(ប៉េកាំង)៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានជួបប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ក្នុងទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ អំឡុងការបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកទី៤ របស់មេដឹកនាំបារាំងទៅកាន់រដ្ឋធានីរបស់ចិន ខណៈអឺរ៉ុបកំពុងព្យាយាមស្វែងរកតុល្យភាពសេដ្ឋកិច្ច និងសន្តិសុខឡើងវិញជាមួយមហាអំណាចសេដ្ឋកិច្ចលេខ២ នៅលើពិភពលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុងដែលបានចាប់ផ្ដើមបំពេញដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងកាលពីថ្ងៃពុធម្សិលមិញ ក៏នឹងត្រូវជួបលោក ស៊ី ជីនពីងជាថ្មីផងដែរនៅពេលរូបលោកធ្វើដំណើរទៅកាន់ទីក្រុង Chengdu ខេត្ត Sichuan នៅថ្ងៃសុក្រស្អែកនេះ។ លោក ម៉ាក្រុង និងភរិយាគឺលោកស្រី Brigitte ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ស៊ី ជីនពីង និងភរិយា លោកស្រី Peng Liyuan នៅសាលវិមានប្រជាជនក្នុងទីក្រុងប៉េកាំង។

គួរបញ្ជាក់ថា លោក ម៉ាក្រុង ក៏ត្រូវបានរំពឹងថានឹងជួបនាយករដ្ឋមន្ត្រីចិន លោក Li Qiang មុននឹងធ្វើដំណើរទៅកាន់ទីក្រុង Chengdu៕