មេដឹកនាំតៃវ៉ាន់៖ ចិនគួរតែផ្ដោតលើសេដ្ឋកិច្ច មិនមែនការវាតទីពង្រីកទឹកដីនោះទេ
04-12-2025 10:42
(តៃប៉ិ)៖ មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាមេរិក New York Times ថាសេដ្ឋកិច្ចចិនកំពុងជួបការលំបាក ហើយប្រធានាធិបតី លោក ស៊ី ជីនពីង គួរតែផ្តោតលើការធ្វើឱ្យជីវភាពរស់នៅនៃប្រជាជនចិនរបស់លោកមានភាពល្អប្រសើរឡើង មិនមែនផ្តោតលើការវាតទីពង្រីកទឹកដីនោះទេ។ នេះបើតាមការដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ចិនដែលបានចាត់ទុកតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន បាន និងកំពុងបង្កើនការដាក់សម្ពាធយោធា និងនយោបាយលើដែនកោះមួយនេះដែលបានច្រានចោលការអះអាងពីអធិបតេយ្យទឹកដី របស់ប៉េកាំង។ ក្នុងបទសម្ភាសន៍ជាមួយ New York Times លោក Lai Ching-te បានលើកឡើងថាសេដ្ឋកិច្ចតៃវ៉ាន់ត្រូវបានព្យាករថានឹងមានកំណើន ៧.៣៧ភាគរយក្នុងឆ្នាំនេះ ខណៈស្ថាប័នហិរញ្ញវត្ថុអន្តរជាតិព្យាករថាកំណើនសេដ្ឋកិច្ចរបស់ចិននឹងមានអត្រាខ្ពស់ជាង ៤ភាគរយបន្តិចបន្តួចប៉ុណ្ណោះ។
«សេដ្ឋកិច្ចចិនកំពុងជួបការលំបាក។ ដូច្នេះយើងសង្ឃឹមថាខណៈចិនកំពុងប្រឈមនឹងសម្ពាធសេដ្ឋកិច្ច ប្រធានាធិបតី លោក ស៊ី ជីនពីង នឹងមិនផ្តោតលើការវាតទីពង្រីកទឹកដីឡើយ តែគួរតែផ្តោតលើ ការធ្វើឱ្យសុខមាលភាពរបស់ប្រជាជនចិនប្រសើរឡើង»។ នេះជាការគូសបញ្ជាក់របស់លោក Lai Ching-te ក្នុងបទសម្ភាសន៍ដែលត្រូវបានចេញផ្សាយដោយការិយាល័យរបស់លោក នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ។
តាមលោក Lai Ching-te តៃវ៉ាន់មានឆន្ទៈដើម្បីជួយ និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលចិនកំពុងប្រឈម តែលោកមិនបានបញ្ជាក់អ្វីលម្អិតឡើយ៕







