ប្រមុខ UN៖ សង្រ្គាមអ៉ីស្រាអែលនៅហ្កាហ្សា មានអ្វីមួយខុសជាមូលដ្ឋាន (Video inside)

04-12-2025 11:11

(ញូវយ៉ក)៖ នៅក្នុងបទសម្ភាសន៍ជាមួយ Reuters កាលពីថ្ងៃពុធ ទី៣ ខែធ្នូ អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ (UN) លោក Antonio Guterres បានលើកឡើងថា មានអ្វីមួយខុសជាមូលដ្ឋាន នៅក្នុងរបៀបដែលអ៉ីស្រាអែល ធ្វើប្រតិបត្តិការយោធាលើតំបន់ហ្កាហ្សា ហើយមានហេតុផលដ៏រឹងមាំមួយ ដើម្បីជឿថាឧក្រិដ្ឋកម្មសង្រ្គាមត្រូវបានប្រព្រឹត្តនៅទីនោះ។

លោក Guterres គូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំគិតថាដូចជាខុសឆ្គង ដោយភាពធ្វេសប្រហែសនាំឱ្យជនស៉ីវិលស្លាប់ និងបំផ្លិចបំផ្លាញតំបន់ទាំងស្រុង។ គោលបំណងគឺកម្ចាត់ហាម៉ាស តែហ្កាហ្សា​ត្រូវ​​បំផ្លាញហើយ នៅមិនទាន់បំបាត់ក្រុមនេះបាន​​។ ដូច្នេះ​មាន​អ្វី​មួយ​ខុស​ជាមូលដ្ឋាន​ នៅក្នុងរបៀបធ្វើប្រតិបត្តិការ»។ ពេលដែលត្រូវបានសួរថា តើមានការប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាមឬទេ? លោក Guterres និយាយថា «មាន​ហេតុផល​ច្បាស់​ដើម្បី​ជឿ​ថា​រឿងនោះអាច​​ជា​ការ​ពិត»

គួរបញ្ជាក់ថា គិតចាប់តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ សង្រ្គាមហ្កាហ្សា ដែលផ្តើមចេញពីការវាយឆ្មក់ដោយក្រុមហាម៉ាស ចូលទឹកដីអ៉ីស្រាអែល មកទល់ពេលនេះ តួលេខនៃអ្នកស្លាប់បានកើនឡើងលើស ៧០ ០០០នាក់។ នេះបើតាមអាជ្ញាធរសុខាភិបាលតំបន់៕