ប្រធានាធិបតីចិន ប្រកាសផ្តល់ជំនួយមនុស្សធម៌១០០លានដុល្លារ ដើម្បីជួយប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា (Video inside)
04-12-2025 13:24
(ប៉េកាំង)៖ នាថ្ងៃព្រហស្បតិ៍នេះ ប្រធានាធិបតីចិន លោក ស៉ី ជីនពីង បានប្រកាសថា ប្រទេសចិននឹងផ្តល់ជំនួយចំនួន១០០លានដុល្លារ ដល់ប្រជាជនប៉ាឡេស្ទីន ដើម្បីជួយសង្រ្គោះវិបត្តិមនុស្សធម៌នៅតំបន់ហ្កាហ្សា ក៏ដូចជាដើម្បីគាំទ្រកិច្ចប្រឹងប្រែងស្ថាបនាឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ២០២៥។
លោក ស៉ី បានធ្វើសេចក្តីប្រកាសដូចខាងលើ អំឡុងសន្និសីទសារព័ត៌មានរួមគ្នា ជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron បន្ទាប់ពីមេដឹកនាំទាំងពីរ បានបើកកិច្ចពិភាក្សានៅទីក្រុងប៉េកាំង។ សង្រ្គាមនៅហ្កាហ្សា ដែលបានផ្ទុះឡើងកាលពីខែតុលា ឆ្នាំ២០២៣ បានសម្លាប់មនុស្សសរុបច្រើនជាង៧០១០០នាក់។ កាលពីថ្ងៃទី១០ ខែតុលាកន្លងទៅ បទឈប់បាញ់ផុយស្រួយមួយ បានចូលជាធរមាន ប៉ុន្តែនៅមានសេចក្តីរាយការណ៍ជាញឹកញាប់ អំពីការវាយប្រហារធ្វើឡើងដោយយោធាអ៉ីស្រាអែល នៅទីនោះ។
គួរបញ្ជាក់ថា លោក Macron បានធ្វើដំណើរមកដល់ទីក្រុងប៉េកាំង កាលពីថ្ងៃពុធ។ វាគឺជាដំណើរទស្សនកិច្ចផ្លូវរដ្ឋលើកទី៤ របស់លោកមកកាន់ប្រទេសចិន និងជាការធ្វើទស្សនកិច្ចតបស្នង ចំពោះដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់លោក ស៊ី ទៅកាន់ប្រទេសបារាំង កាលពីឆ្នាំមុន ក្នុងឱកាសខួបលើកទី៦០ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕








