ជំនួបម៉ាក្រុង-ស៉ី៖ បារាំងស្នើចិនឱ្យខិតខំជួយអ៊ុយក្រែន និងធ្វើឱ្យពាណិជ្ជកម្មពិភពលោកមានតុល្យភាពឡើងវិញ (Video inside)
04-12-2025 16:37
(ប៉េកាំង)៖ ប្រធានាធីបតីបារាំង លោក អេមម៉ានុយអែល ម៉ាក្រុង បានស្នើដល់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ឱ្យជំរុញកិច្ចសហប្រតិបត្តិការខាងភូមិសាស្រ្តនយោបាយ ពាណិជ្ជកម្ម និងបរិស្ថាន ខណៈសហភាពអឺរ៉ុបស្នើចិន ជួយបិទបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ហើយប៉េកាំងក៏ចង់បានជ័យជម្នះការទូតលើពន្ធគយអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ ឆ្នាំ ២០២៥។
ក្នុងឱកាសនៃជំនួបនៅឯមហាសាលប្រជាជននៃទីក្រុងប៉េកាំង លោក ម៉ាក្រុង គូសបញ្ជាក់យ៉ាងដូច្នេះថា «ឥឡូវនេះ ជាងពេលណាៗទាំងអស់ ការសន្ទនារវាងចិន និងបារាំងគឺមានសារៈសំខាន់។ ខ្ញុំសូមស្នើរបៀបវារៈវិជ្ជមាន ៣យ៉ាង សម្រាប់ទំនាក់ទំនងរបស់យើង នោះគឺស្ថិរភាពភូមិសាស្ត្រនយោបាយ តុល្យភាពសេដ្ឋកិច្ច និងនិរន្តរភាពបរិស្ថាន»។ លោក ម៉ាក្រុង បានបន្ថែមថា «សមត្ថភាពធ្វើការជាមួយគ្នា គឺជាការសម្រេចចិត្ត។ យើងត្រូវតែបន្តការជួបជុំគ្នាដើម្បីសន្តិភាព និងស្ថិរភាពក្នុងពិភពលោក»។
គួរបញ្ជាក់ថា គណៈប្រតិភូធុរកិច្ចធំមួយកំពុងអមដំណើរ លោក ម៉ាក្រុង ក្នុងទស្សនកិច្ចផ្លូវរដ្ឋលើកទី ៤ នៅប្រទេសមានសេដ្ឋកិច្ចធំលេខពីរនៅលើពិភពលោក។ នាថ្ងៃសុក្រស្អែកនេះ លោក ស៉ី នឹងជូន លោក ម៉ាក្រុង ទៅលេងខេត្ត Sichuan ភាគនិរតីប្រទេសចិន និងជារឿងដ៏កម្រដែលលោក ស៉ី កំដរមេដឹកនាំពិភពលោកធ្វើទស្សនកិច្ច ក្រៅទីក្រុងប៉េកាំង៕







