លោក ពូទីន ប្តេជ្ញាកាន់កាប់តំបន់ដុនបាសទាំងមូល «ដោយកម្លាំងអាវុធ» បើអ៊ុយក្រែនមិនដកថយ (Video inside)
04-12-2025 20:13
(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសយ៉ាងដាច់ណាត់នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៊ីនឹងកាន់កាប់តំបន់ដុនបាស (Donbas) របស់អ៊ុយក្រែនទាំងមូលដោយកម្លាំងបាយ លុះត្រាតែកងទ័ពអ៊ុយក្រែនយល់ព្រមដកថយដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន India Today លោក ពូទីន បានសង្កត់ធ្ងន់ថា «យើងនឹងរំដោះទឹកដីទាំងនេះដោយកម្លាំងអាវុធ ឬមួយកងទ័ពអ៊ុយក្រែនត្រូវចាកចេញពីទឹកដីទាំងនេះ»។ យ៉ាងណាក៏ដោយ ទីក្រុងកៀវបានបដិសេធចំពោះលក្ខខណ្ឌនេះ ដោយប្រធានាធិបតី ហ្សេលេនស្គី បានបញ្ជាក់ថា មិនត្រូវផ្តល់រង្វាន់ដល់រុស្ស៊ីសម្រាប់សង្គ្រាមដែលខ្លួនបានចាប់ផ្តើមនោះទេ។
បច្ចុប្បន្ន រុស្ស៊ីគ្រប់គ្រងទឹកដីអ៊ុយក្រែនប្រហែល ១៩.២% រួមទាំងតំបន់លូហានស្គ៍ (Luhansk) ទាំងមូល និងជាង ៨០% នៃតំបន់ដូណែតស្គ៍ (Donetsk) ខណៈផ្ទៃដីប្រហែល ៥,០០០គីឡូម៉ែត្រក្រឡានៃតំបន់ដូណែតស្គ៍ នៅតែស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ុយក្រែន។
ការលើកឡើងដ៏តឹងរ៉ឹងនេះ កើតឡើងបន្ទាប់ពីលោក ពូទីន បានជួបជាមួយបេសកជនអាមេរិក លោក ស្ទីវ វីតកុហ្វ និងលោក ចារ៉េដ គូសនឺ នៅវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ។ លោក ពូទីន បានចាត់ទុកជំនួបនេះថា «មានប្រយោជន៍ខ្លាំងណាស់» និងបានយល់ព្រមបន្តកិច្ចចរចាលើសំណើមួយចំនួន៕





