សហភាពអឺរ៉ុប បើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ជុំវិញការប្រើប្រាស់ AI ក្នុង WhatsApp
04-12-2025 21:22
(ព្រុចសែល)៖ គណៈកម្មការអឺរ៉ុបបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបើកការស៊ើបអង្កេតប្រឆាំងនឹងទំនុកចិត្ត (Antitrust) ថ្មីមួយទៅលើក្រុមហ៊ុន Meta Platforms ពាក់ព័ន្ធនឹងការដាក់ឱ្យប្រើប្រាស់មុខងារបញ្ញាសិប្បនិម្មិត (AI) នៅក្នុងកម្មវិធី WhatsApp។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការស៊ើបអង្កេតនេះផ្តោតសំខាន់លើ «គោលនយោបាយថ្មីរបស់ Meta ទាក់ទងនឹងថា តើក្រុមហ៊ុននេះបានរារាំងក្រុមហ៊ុន AI ផ្សេងទៀតមិនឱ្យភ្ជាប់សេវាកម្មរបស់ពួកគេចូលក្នុង WhatsApp ដែរឬទេ បន្ទាប់ពី Meta បានដាក់បញ្ចូលប្រព័ន្ធ AI ផ្ទាល់ខ្លួន (Meta AI) ទៅក្នុងកម្មវិធីផ្ញើសារនៅអឺរ៉ុបតាំងពីខែមីនា ឆ្នាំ២០២៥។
ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យ WhatsApp បានច្រានចោលការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន» ដោយអះអាងថាវិស័យ AI មានការប្រកួតប្រជែងខ្ពស់ ហើយអ្នកប្រើប្រាស់នៅតែមានជម្រើសច្រើនក្នុងការប្រើប្រាស់សេវាកម្ម AI ពីក្រុមហ៊ុនផ្សេងៗ។
គួរបញ្ជាក់ថា អាជ្ញាធរឃ្លាំមើលការប្រកួតប្រជែងរបស់អ៊ីតាលីក៏បានបើកការស៊ើបអង្កេតស្រដៀងគ្នានេះកាលពីខែកក្កដា ដោយចោទប្រកាន់ថា Meta បានប្រើប្រាស់អំណាចទីផ្សាររបស់ខ្លួនដើម្បីរារាំងគូប្រជែង AI ផ្សេងទៀត។ របាយការណ៍បានឱ្យដឹងថា ការស៊ើបអង្កេតរបស់ EU នឹងត្រូវធ្វើឡើងក្រោមច្បាប់ប្រឆាំងការទុកចិត្តបែបប្រពៃណី មិនមែនក្រោមច្បាប់ទីផ្សារឌីជីថល (DMA) នោះទេ៕




