អ៊ីស្រាអែល បើកការវាយប្រហារលើទីក្រុងពីរនៅភាគខាងត្បូងលីបង់ ក្រោយបញ្ជាឱ្យជម្លៀសខ្លួន (Video inside)
04-12-2025 22:43
(បេរូត)៖ យោធាអ៊ីស្រាអែលបានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួនបានបើកការវាយប្រហារលើគោលដៅនៅក្នុងទីក្រុងចំនួនពីរនៅភាគខាងត្បូងប្រទេសលីបង់ បន្ទាប់ពីបានចេញបញ្ជាឱ្យជម្លៀសប្រជាជនចេញពីអគារពីរដែលត្រូវបានចោទប្រកាន់ថាប្រើប្រាស់ដោយក្រុមសកម្មប្រយុទ្ធហេសបូឡា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រហែលមួយម៉ោងបន្ទាប់ពីការព្រមានដំបូង អ្នកនាំពាក្យយោធាអ៊ីស្រាអែលបានចេញសេចក្តីជូនដំណឹងបន្ថែមទៀត ដោយណែនាំឱ្យអ្នកស្រុកនៅក្នុងទីក្រុងពីរផ្សេងទៀតចាកចេញជាបន្ទាន់ផងដែរ។
ការវាយប្រហារនេះកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីស្រាអែល និងលីបង់បានបញ្ជូនបេសកជនទៅចូលរួមក្នុងគណៈកម្មាធិការត្រួតពិនិត្យបទឈប់បាញ់ដែលបានព្រមព្រៀងកាលពីមួយឆ្នាំមុន។ ទោះជាយ៉ាងណា បទឈប់បាញ់នេះនៅតែមានភាពផុយស្រួយ ខណៈភាគីទាំងពីរបានចោទប្រកាន់គ្នាទៅវិញទៅមកថាបានរំលោភកិច្ចព្រមព្រៀង៕




