លោក ពូទីន ទៅដល់ឥណ្ឌាសម្រាប់ទស្សនកិច្ចលើកដំបូង ចាប់តាំងពីសង្គ្រាមអ៊ុយក្រែនផ្ទុះឡើង

04-12-2025 22:43

(ញូវដេលី)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានទៅដល់ទីក្រុងញូវដេលីនៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីជួបនាយករដ្ឋមន្ត្រី លោក ណារិនដ្រា ម៉ូឌី (Narendra Modi) ដែលជាទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីសង្គ្រាមឈ្លានពានអ៊ុយក្រែនផ្ទុះឡើងកាលពីជិត ៤ឆ្នាំមុន។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Moscow Times។

ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃនេះ ធ្វើឡើងខណៈដែលឥណ្ឌា និងរុស្ស៊ីប្រារព្ធខួប ២៥ឆ្នាំនៃភាពជាដៃគូយុទ្ធសាស្ត្រ។ នៅថ្ងៃសុក្រ មេដឹកនាំទាំងពីរនឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលប្រចាំឆ្នាំឥណ្ឌា-រុស្ស៊ី លើកទី២៣។

ព្រឹត្តិការណ៍នេះកើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងបង្កើនសម្ពាធលើរុស្ស៊ី និងគំរាមដាក់ទណ្ឌកម្មលើឥណ្ឌា ដោយសារទំនាក់ទំនងជិតស្និទ្ធជាមួយមូស្គូ និងការនាំចូលប្រេងរុស្ស៊ី។ ទោះជាយ៉ាងណា ភាគីទាំងពីរបានកំណត់គោលដៅបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ១០០ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០។

លោក ពូទីន ត្រូវបានអមដំណើរដោយរដ្ឋមន្ត្រីការពារជាតិ លោក អាន់ឌ្រី បេឡូសូវ (Andrei Belousov) និងគណៈប្រតិភូជាន់ខ្ពស់ពីក្រុមហ៊ុនប្រេង និងអាវុធរដ្ឋ។ អ្នកវិភាគយល់ឃើញថា នេះជាសារទៅកាន់លោកខាងលិចថា ឥណ្ឌា និងរុស្ស៊ីនៅតែប្តេជ្ញាកសាងភាពជាដៃគូនេះ ទោះបីជាមានបញ្ហាប្រឈមភូមិសាស្ត្រនយោបាយក្តី៕