សហរដ្ឋអាមេរិក មានផែនការពង្រីក «បម្រាមធ្វើដំណើរ» លើប្រទេសច្រើនជាង ៣០ (Video inside)

05-12-2025 09:33

(Reuters)៖ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិអាមេរិក លោកស្រី Kristi Noem កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ បាននិយាយថារដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ មានផែនការបង្កើនចំនួន ប្រទេសដែលត្រូវបញ្ចូលក្នុងបញ្ជីខ្មៅហាមឃាត់ការធ្វើដំណើរចូលក្នុងសហរដ្ឋអាមេរិក ពី១៩ប្រទេស ដល់ច្រើនជាង៣០ប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍ជាមួយកម្មវិធី The Ingraham Angle របស់ទូរទស្សន៍ Fox News លោកស្រី Noem ត្រូវបានសាកសួរថាតើរដ្ឋបាលលោក ត្រាំ ពិតជានឹងបង្កើនចំនួនប្រទេសដែលត្រូវជាប់បម្រាមធ្វើដំណើរដល់ ៣២ប្រទេសមែនដែរឬក៏យ៉ាងណា? លោកស្រីបានឆ្លើយថា «ខ្ញុំមិនបញ្ជាក់ពីតួលេខជាក់លាក់ទេ ប៉ុន្តែវាអាចនឹងលើសពី៣០ប្រទេស ហើយលោកប្រធានាធិបតីកំពុងបន្តធ្វើការវាយតម្លៃលើបណ្ដាប្រទេសទាំងនោះ»។ លោកស្រី Noem ក៏មិនបានបញ្ជាក់ថាតើមានប្រទេសណាខ្លះដែលនឹងត្រូវបញ្ចូលបន្ថែមទៅក្នុងបញ្ជីហាមឃាត់ការធ្វើដំណើរនោះដែរ។

គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា រូបលោកបានគ្រោង​បញ្ឈប់ការធ្វើអន្តោប្រវេសន៍ពីក្រុមប្រទេសដែលលោកហៅថាប្រទេសលោកទី៣ ឬប្រទេសតតិយលោក បន្ទាប់ពីមានករណីជនអន្តោប្រវេសន៍ បាញ់ប្រហារលើទាហានឆ្មាំជាតិអាមេរិក២នាក់ នៅរដ្ឋធានីវ៉ាស៉ីនតោន។

ការប្រកាសរបស់លោក ត្រាំគឺជាការកើនឡើងថ្មីមួយទៀតនៃគោលនយោបាយប្រឆាំងអន្តោប្រវេសន៍ នៅក្នុងអាណត្តិទី២ របស់លោក ត្រាំ ដែលគ្របដណ្តប់ដោយយុទ្ធនាការចាប់ខ្លួន និងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ ក្នុងទ្រង់ទ្រាយធំ។ ហើយវា​កើតមានមួយថ្ងៃ បន្ទាប់ពីទាហានឆ្មាំជាតិ២នាក់ បានរងការបាញ់ប្រហារពីជនជាតិអាហ្វហ្កានីស្ថាន ខណៈម្នាក់ក្នុងចំណោមនោះបានបាត់បង់ជីវិត៕