មេកុលសម្ព័ន្ធប្រឆាំងក្រុមហាម៉ាសដែលបំំពាក់អាវុធដោយអ៉ីស្រាអែល ត្រូវបានសម្លាប់នៅហ្កាហ្សា (Video inside)

05-12-2025 10:06

(ហ្ស៊េរុយសាឡិម)៖ មេកុលសម្ព័ន្ធប្រដាប់អាវុធម្នាក់ដែលប្រឆាំងក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សាត្រូវបានសម្លាប់នៅក្នុងពេលជួយធ្វើអន្តរាគមន៍ជម្លោះគ្រួសារមួយ ដែលនេះអាចនឹងជះផលអាក្រក់ដល់ ផែនការរបស់អ៉ីស្រាអែលក្នុងការជួយទំនុកបម្រុងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនមួយចំនួន ទុកប្រើប្រាស់ប្រឆាំងនឹងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

កងកម្លាំង Popular Forces បានទទួលស្គាល់ថាមេកើយរបស់ខ្លួនឈ្មោះ Yasser Abu Shabab បានស្លាប់ដោយសាររងរបួសត្រូវគ្រាប់កាំភ្លើង ខណៈរូបលោកកំពុងព្យាយាមធ្វើអន្តរាគមន៍ ដោះស្រាយជម្លោះគ្រួសារមួយ និងបានច្រានចោលព័ត៌មានដែលថាមេកើយរបស់ខ្លួនត្រូវបានក្រុមហាម៉ាសសម្លាប់។ តាមក្រុមមន្ត្រីអ៉ីស្រាអែល អ៉ីស្រាអែលក៏បានព្យាយាមរួសរាន់បញ្ជូន Abu Shabab ទៅកាន់មន្ទីរពេទ្យនៅភាគត្បូងតំបន់ហ្កាហ្សាផងដែរ តែរូបលោកបានស្លាប់ពេលទៅដល់មន្ទីរពេទ្យ។

Abu Shabab គឺជាមេកុលសម្ព័ន្ធប្រដាប់អាវុធមួយមានមូលដ្ឋាននៅក្នុងទីក្រុង Rafah ដែលកំពុងគ្រប់គ្រងដោយអ៉ីស្រាអែលនៅភាគខាងត្បូងនៃតំបន់ហ្កាហ្សា។ អ៉ីស្រាអែលមានបំណងប្រើប្រាស់ ក្រុមរបស់ Abu Shabab ដើម្បីប្រឆាំងក្រុមហាម៉ាស ឬជួយឱ្យរូបគេឡើងគ្រប់គ្រងតំបន់ហ្កាហ្សាជំនួសហាម៉ាសតែម្ដង។ អ៉ីស្រាអែលក៏មានផែនការប្រើចលនាប្រដាប់អាវុធរបស់ Abu Shabab មានឈ្មោះថា Popular Forces នៅក្នុងគម្រោងកសាងតំបន់ហ្កាហ្សាឡើងវិញនៅក្នុងតំបន់ដែលអ៉ីស្រាអែលកំពុងគ្រប់គ្រងផងដែរ សម្រាប់ដំណាក់កាលបន្ទាប់នៃបទឈប់បាញ់ហ្កាហ្សា។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu កាលពីខែមិថុនា បានទទួលស្គាល់ថាអ៉ីស្រាអែលបានជួយទំនុកបម្រុងក្រុមប្រដាប់អាវុធមួយចំនួនក្នុងតំបន់ហ្កាហ្សា ទុកប្រើប្រាស់ប្រឆាំងនឹងក្រុមហាម៉ាស៕