ក្រោយពិនិត្យឡើងវិញ មន្ទីរបញ្ចកោណ យល់ព្រមលើការលក់នាវាមុជទឹកនុយក្លេអ៊ែរ ទៅឱ្យអូស្រ្តាលី (Video inside)

05-12-2025 10:59

(វ៉ាស៉ីនតោន)៖ មន្ទីរបញ្ចកោណ បានប្រកាសគាំទ្រការទិញយកនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីទំនើបចុងក្រោយ យ៉ាងហោចណាស់ ៣គ្រឿងដោយទីក្រុងកង់បេរ៉ា ក្នុងរយៈពេល ១៥ឆ្នាំ ក្រោមកិច្ចព្រមព្រៀងសន្តិសុខត្រីភាគី AUKUS រវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ ២០២៥។

រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីដើមឆ្នាំនេះ បានពិនិត្

យឡើងវិញលើកិច្ចព្រមព្រៀង AUKUS ឆ្នាំ ២០២១ ដើម្បីផលិតនាវាមុជទឹកនុយក្លេអ៊ែរ ដែលត្រូវបានចុះហត្ថលេខាក្នុងអាណត្តិអតីតប្រធានាធិបតី ចូ បៃដិន។ អ្នកនាំពាក្យ​នៃមន្ទីរបញ្ចកោណ លោក Sean Parnell បាននិយាយថា ក្រសួងការពារជាតិ បានបញ្ចប់ការពិនិត្យឡើងវិញហើយ និងគាំទ្រកិច្ចព្រមព្រៀង AUKUS ដោយកំណត់ថាវាស្របតាមគោលនយោបាយ «America First» របស់ប្រធានាធិបតី ដូណាល់ ត្រាំ។

AUKUS មានបំណងបំពាក់អាវុធដល់អូស្ត្រាលី ជាមួយកងនាវាមុជទឹកទំនើបៗអាមេរិក និងកិច្ចសហប្រតិបត្តិការអភិវឌ្ឍបច្ចេកវិទ្យាអាវុធជាច្រើនប្រភេទ។ ទីក្រុងកង់បេរ៉ា អាចចំណាយលុយរហូតដល់ ២៣៥ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៣០ឆ្នាំទៅមុខ ដែលនឹងរួមបញ្ចូលនូវបច្ចេកវិទ្យា ដើម្បីសាងសង់នាវាមុជទឹកផ្ទាល់ខ្លួន នាពេលអនាគតផងដែរ។ នាវាមុជទឹកដែលការលក់នឹងចាប់ផ្តើមនៅឆ្នាំ ២០៣២ គឺជាចំណុចស្នូលនៃយុទ្ធសាស្ត្ររបស់អូស្ត្រាលី ដើម្បីកែលម្អសមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយរបស់ខ្លួន នៅតំបន់ប៉ាស៉ីហ្វិក ជាពិសេសការប្រឆាំងនឹងឥទ្ធិពលចិន៕