សហរដ្ឋអាមេរិក គ្រោងលក់គ្រាប់បែករាប់ពាន់គ្រាប់ក្នុងកិច្ចព្រមព្រៀងទំហំ ២.៧ពាន់លានដុល្លារ ឱ្យទៅកាណាដា (Video inside)

05-12-2025 13:20

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី៤ ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តលក់គ្រាប់បែក ក្នុងកិច្ចព្រមព្រៀងមួយទំហំ ២.៦៨ពាន់លានដុល្លារ ឱ្យទៅប្រទេសកាណាដា ស្របពេលនាយករដ្ឋមន្រ្តីកាណាដា លោក Mark Carney កំពុងប្រឹងប្រែងបង្កើន​ការចំណាយលើវិស័យយោធា ចំពោះមុខភាពមិនប្រាកដប្រជា ជុំវិញទំនាក់ទំនងជាមួយទីក្រុងវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP។

ក្រសួងការបរទេសអាមេរិក បាននិយាយថា ការលក់សព្វាវុធសម្រាប់ការវាយប្រហារតាមផ្លូវអាកាសខាងលើនេះ នឹងរួមមានគ្រាប់បែក BLU-111 រហូតដល់៣៤១៤គ្រាប់ និងគ្រាប់បែក GBU-39 ចំនួន៣១០៨គ្រាប់ ព្រមទាំងបរិក្ខារ JDAM រាប់ពាន់ឈុត សម្រាប់ប្រែក្លាយគ្រាប់បែកធម្មតា ទៅជាគ្រាប់បែកឆ្លាតវៃ។

កាលពីខែសីហា លោក Carney បាននិយាយថា ប្រទេសកាណាដា នៅក្នុងឆ្នាំនេះ នឹងបំពេញបានសម្រេច នូវគោលដៅរបស់​អង្គការ NATO ស្តីពីការចំណាយ២ភាគរយនៃ GPD ទៅលើវិស័យយោធា មុនការគ្រោងទុកជាច្រើន។ លោកនាយករដ្ឋមន្រ្តីកាណាដា បានចង្អុលទៅកាន់ភាពស្រពេចស្រពិល អំពីតួនាទីរបស់អាមេរិក ដែលជាប្រទេសជិតខាងរបស់កាណាដា និងជាអ្នកធានាសន្តិសុខយូរមកហើយ ក្រោមក្របខណ្ឌ NATO ព្រមទាំងលទ្ធភាព​នៃការបង្កើនសកម្មភាពរំលោភបំពានរបស់រុស្ស៉ី នៅតំបន់អាក់ទិក។

គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចោទជាសំណួរម្តងហើយម្តងទៀត ពាក់ព័ន្ធអង្គការ NATO ដោយចោទប្រកាន់ក្រុមសម្ព័ន្ធមិត្តរបស់ខ្លួនថា ពឹងផ្អែកជ្រុលខ្លាំងពេកលើសហរដ្ឋអាមេរិក ដោយមិនព្រមពង្រឹងសមត្ថភាពខ្លួនឯង។ លោក ត្រាំ ជារឿយៗបានរិះគន់កាណាដា ជាពិសេសកាលពីមុនពេលលោក Carney ជំនួសលោក Justin Trudeau ជានាយករដ្ឋមន្រ្តី ដោយលើកឡើងថា កាណាដាគួរតែមកធ្វើជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក៕