រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន ដើម្បីជំរុញទំនាក់ទំនងការពារជាតិ (Video inside)
05-12-2025 14:01
(កង់បេរ៉ា)៖ រដ្ឋមន្រ្តីការពារជាតិនៃប្រទេសអូស្រ្តាលី លោក Richard Marles នឹងបំពេញទស្សនកិច្ចទៅកាន់ប្រទេសជប៉ុន នាថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ដើម្បីជួបសមភាគីរបស់លោក គឺលោក Shinjiro Koizumi ហើយបើកកិច្ចពិភាក្សាសំដៅជំរុញទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ឱ្យកាន់តែស៉ីជម្រៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។
ក្នុងសេចក្តីថ្លែងការណ៍មុនដំណើរបំពេញទស្សនកិច្ច ដែលនឹងមានរយៈពេល២ថ្ងៃ លោក Marles បាននិយាយដូច្នេះថា «ទំនាក់ទំនងយើងជាមួយជប៉ុន បន្តរីកលូតលាស់ទៅមុខកាន់តែខ្លាំងជាលំដាប់ ដែលគាំទ្រដោយគោលជំហរយុទ្ធសាស្រ្តស្របគ្នា ព្រមទាំងមហិច្ឆតា និងសក្តានុពលរួម»។
រីឯលោក Koizumi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «អំឡុងជំនួបនេះ យើងគ្រោងចែករំលែកការយល់ដឹង អំពីស្ថានការណ៍ក្នុងតំបន់រវាងប្រទេសទាំងពីរ ហើយបើកកិច្ចពិភាក្សាច្បាស់លាស់ ដើម្បីជំរុញវឌ្ឍនភាពបន្ថែមទៀត ក្នុងកិច្ចសហប្រតិបត្តិការការពារជាតិជប៉ុន-អូស្រ្តាលី»។
កាលពីខែសីហា អូស្រ្តាលីបានផ្តល់កិច្ចសន្យាទំហំ៦.៥ពាន់លានដុល្លារអាមេរិក ដល់ក្រុមហ៊ុនជប៉ុន Mitshubishi Heavy Industries ដើម្បីផលិតនាវាចម្បាំងឱ្យទីក្រុងកង់បេរ៉ា ដែលនោះគឺជាកិច្ចព្រមព្រៀងការពារជាតិដ៏សំខាន់ មួយសម្រាប់ទីក្រុងតូក្យូ គិតចាប់តាំងពីការដកបម្រាមនាំចេញបរិក្ខារយោធា កាលពីឆ្នាំ២០១៤ នៅពេលដែលប្រទេសអាស៉ីបូព៌ាមួយនេះ ចាប់ផ្តើមបោះជំហាន ចេញពីគោលការណ៍សន្តិនិយមក្រោយសម័យសង្រ្គាមលោក។
គួរបញ្ជាក់ថា បើតាមលោក Koizumi អំឡុងទស្សនកិច្ចខាងលើ លោក Marles នឹងទៅធ្វើទស្សនកិច្ចនៅកន្លែងសាងសង់នាវា របស់ក្រុមហ៊ុន Mitshubishi Heavy Industries ដែលស្ថិតក្នុងទីក្រុង Nagasaki ភាគខាងត្បូងប្រទេសជប៉ុន៕







