តៃវ៉ាន់និងជប៉ុនបង្ហាញក្តីកង្វល់ ក្រោយមានសេចក្តីរាយការណ៍ថា ចិនដាក់ពង្រាយនាវាយោធាជាង១០០គ្រឿង នៅក្នុងតំបន់ (Video inside)

05-12-2025 16:06

(តៃប៉ិ)៖ នាថ្ងៃសុក្រនេះ កោះតៃវ៉ាន់និងប្រទេសជប៉ុន បានចេញមុខសម្តែងការព្រួយបារម្ភ ជុំវិញការធ្វើសកម្មភាពយោធារបស់ចិន នៅក្នុងតំបន់ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទីក្រុងប៉េកាំងបានដាក់ពង្រាយនាវាយោធាក្នុងចំនួនច្រើនសម្បើម នៅពាសពេញដែនទឹក​នៃតំបន់អាស៉ីខាងកើត ក្នុងសប្តាហ៍នេះ ដែលជាការដំឡើងសាច់ដុំកងទ័ពជើងទឹកដ៏ធំបំផុត របស់ទីក្រុងប៉េកាំង គិតមកទល់ពេលនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងសេចក្តីរាយការណ៍ផ្តាច់មុខ កាលពីថ្ងៃព្រហស្បតិ៍ Reuters បាននិយាយថា ចិនបានដាក់ពង្រាយនាវាចម្បាំងនិងនាវាឆ្មាំសមុទ្រ ក្នុងចំនួនយ៉ាងច្រើនមួយ នៅទូទាំងដែនទឹកតំបន់អាស៉ីខាងកើត ដែលក្នុងពេលមួយនោះ ចំនួននាវាសរុបគឺលើស១០០គ្រឿង។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅទីក្រុងតៃប៉ិ អ្នកនាំពាក្យមេដឹកនាំតៃវ៉ាន់ លោកស្រី Karen Kuo បាននិយាយថា សកម្មភាពចិន មិនត្រឹមតែស្ថិតនៅក្នុងច្រកសមុទ្រតៃវ៉ាន់ទេ ប៉ុន្តែលាតសន្ធឹងចាប់ពីសមុទ្រលឿង ទៅដល់ដែនទឹកនៅក្បែរទីប្រជុំកោះមានជម្លោះ Senkaku នៅសមុទ្រចិនខាងកើត ព្រមទាំងសមុទ្រចិនខាងត្បូង និងភាគខាងលិចមហាសមុទ្រប៉ាស៉ីហ្វិក។

លោកស្រី Kuo បានបន្តយ៉ាងដូច្នេះថា «ពិតណាស់ វាបង្កការគំរាមកំហែងនិងផលប៉ះពាល់ ចំពោះឥណ្ឌូ-ប៉ាស៉ីហ្វិក និងតំបន់ទាំងមូល។ ហេតុនេះហើយ យើងអំពាវនាវជាពិសេសឱ្យចិន អនុវត្តការទទួលខុសត្រូវរបស់ខ្លួន ក្នុងនាមជាមហាអំណាចធំមួយ ហើយប្រកាន់ខ្ជាប់ការអត់ធ្មត់ក្នុងការធ្វើសកម្មភាពអ្វីមួយ»

ដោយឡែក នៅទីក្រុងតូក្យូ រដ្ឋមន្រ្តីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅពេលត្រូវបានសាកសួរអំពីសកម្មភាពយោធា​របស់ចិន នៅសមុទ្រចិនខាងកើត បាននិយាយថា ជប៉ុនបានដឹងអំពីសេចក្តីរាយការណ៍នេះ ហើយបានឃ្លាំមើលសកម្មភាពយោធា​របស់ចិនយ៉ាងដិតដល់បំផុត។

គួរបញ្ជាក់ថា ការកើនឡើងនៃសកម្មភាពយោធានេះ គឺចំពេលដែលចិននិងជប៉ុន កំពុងស្ថិតក្នុងវិបត្តិការទូត ចាប់តាំងពីនាយករដ្ឋមន្រ្តីជប៉ុន លោកស្រី Sanae Takaichi កាលពីខែមុន បាននិយាយថា ក្នុងករណីចិនវាយលុកលើតៃវ៉ាន់ ជប៉ុនអាចនឹងត្រូវធ្វើការឆ្លើយតបដោយយោធា។ មិនតែប៉ុណ្ណោះ ចិនក៏ត្រូវបានធ្វើឱ្យខឹងសម្បារផងដែរ ដោយសេចក្តីប្រកាសកាលពី​ខែវិច្ឆិកា របស់មេដឹកនាំតៃវ៉ាន់ លោក Lai Ching-te ស្តីពីកញ្ចប់ថវិកាបន្ថែម៤០ពាន់លានដុល្លារ សម្រាប់ការចំណាយលើវិស័យការពារជាតិ ដើម្បីទប់ទល់ចិន៕