លោក Xi Jinping ប្រធានរដ្ឋចិន និងលោក Emmanuel Macronប្រធានាធិបតីបារាំងអញ្ជើញជាសហអធិបតី ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនចិន-បារាំងលើកទី៧

05-12-2025 17:08

(ប៉េកាំង)៖ នៅព្រឹកថ្ងៃទី៤ ខែធ្នូ នៅទីក្រុងប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិននិងលោក Emmanuel Macronប្រធានាធិបតីបារាំងបានអញ្ជើញធ្វើជាសហអធិបតី ក្នុងពិធីបិទកិច្ចប្រជុំក្រុមប្រឹក្សាសហគ្រិនចិន-បារាំងលើកទី៧ ព្រមនិងថ្លែងសុន្ទរកថា។

លោក Xi Jinping បានលើកឡើងថា ឆ្នាំនេះគឺជាការចាប់ផ្តើមនៃ ៦០ ឆ្នាំថ្មីមួយទៀតនៃទំនាក់ទំនងចិន-បារាំង។ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានត្រូវពង្រីកជាបន្តបន្ទាប់ និងមានភាពធន់កាន់តែខ្លាំងឡើងៗ។ ក្នុងរយៈពេល ១០ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគីបានឡើងដល់ ៦៨,៧៥ ពាន់លានដុល្លារអាមេរិក ហើយទំហំសរុបនៃការវិនិយោគទៅវិញទៅមកលើសពី ២៧ ពាន់លានដុល្លារអាមេរិក។ ភាគីទាំងពីរគួរតែប្រកាន់ខ្ជាប់ គោលបំណងដើមនៃការបង្កើតទំនាក់ទំនងការទូត ក្តាប់ជាប់កាលានុវត្តភាព ពង្រឹងកិច្ចសហប្រតិបត្តិការ និងជំរុញការអភិវឌ្ឍ ប្រកបដោយស្ថិរភាព និងយូរអង្វែងនៃទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាជំរុញកិច្ចសហប្រតិបត្តិការចិន-បារាំងឱ្យកាន់តែប្រសើរឡើង និងប្រើប្រាស់ស្ថិរភាពនៃទំនាក់ទំនងចិន-បារាំង ដើម្បីឆ្លើយតបកត្តាមិនប្រាកដប្រជានៃពិភពលោកសព្វថ្ងៃនេះ។

លោក Xi Jinping បានលើកឡើងសំណើបីចំណុច ពោលគឺ៖ ទីមួយ ត្រួសត្រាយវិស័យថ្មីៗនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគីជាបន្តបន្ទាប់។ ទីពីរ បន្តជំរុញការអភិវឌ្ឍថ្មីៗនៃកិច្ចសហប្រតិបត្តិការដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រវាងចិន និងអឺរ៉ុប។ ទីបី រួមគ្នារួមចំណែកថ្មីក្នុងការកែទម្រង់ និងការធ្វើឱ្យប្រសើរឡើងនូវអភិបាលកិច្ចសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន