យោធាឥណ្ឌូណេស៊ីបង្កើនការសង្គ្រោះនៅកោះស៊ូម៉ាត្រា ខណៈអ្នកស្លាប់កើនដល់ ៨៦៧នាក់ (Video inside)

05-12-2025 18:35

(ហ្សាការតា)៖ យោធាឥណ្ឌូណេស៊ី បានបង្កើនកិច្ចខិតខំប្រឹងប្រែងសង្គ្រោះនៅក្នុងខេត្តចំនួនបីនៅលើកោះស៊ូម៉ាត្រា ខណៈដែលចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ និងបាក់ដីកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៨៦៧នាក់ និង ៥២១នាក់ទៀតកំពុងបាត់ខ្លួន។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ឧត្តមសេនីយ៍ត្រី ហ្វ្រេដឌី អាឌានហ្សាហ៍ (Freddy Ardianzah) បានបញ្ជាក់នៅថ្ងៃសុក្រនេះថា យោធាបានសាងសង់ស្ពានដែកចល័តយ៉ាងហោចណាស់ ១០កន្លែង ដើម្បីសម្រួលដល់ការចែកចាយស្បៀងអាហារ។ យោធាក៏កំពុងដាក់ពង្រាយប្រព័ន្ធចម្រោះទឹកចល័ត និងបន្តទម្លាក់ជំនួយតាមអាកាសសម្រាប់តំបន់ដាច់ស្រយាលដែលកាត់ផ្តាច់ផ្លូវគោក។

ទន្ទឹមនឹងនេះ អនុប្រធានាធិបតី លោក ជីប្រាន់ រ៉ាកាប៊ូមីង រ៉ាកា (Gibran Rakabuming Raka) បានចេញមុខសុំទោសជាសាធារណៈចំពោះភាពខ្វះខាតក្នុងការឆ្លើយតប។ លោកបានថ្លែងថា «ខ្ញុំសុំទោស។ អ្នកមិននៅម្នាក់ឯងទេ...យើងនឹងធានាថា អ្នកនៅក្នុងមជ្ឈមណ្ឌលជម្លៀសទទួលបានការថែទាំត្រឹមត្រូវ»

ការថ្លែងរបស់លោក ជីប្រាន់ ហាក់មានទស្សនៈខុសពីប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដែលបានលើកឡើងពីមុនថា ស្ថានភាពកំពុងប្រសើរឡើង ហើយចំណាត់ការបច្ចុប្បន្នគឺគ្រប់គ្រាន់ហើយ ទោះបីជាមន្ត្រីមូលដ្ឋានបានអំពាវនាវឱ្យប្រកាសអាសន្នថ្នាក់ជាតិក៏ដោយ៕