លីបង់ជំរុញគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខ UN ឱ្យដាក់សម្ពាធលើអ៊ីស្រាអែលរឿងបទឈប់បាញ់ (Video inside)
05-12-2025 20:32
(បេរូត)៖ ប្រធានាធិបតីលីបង់ លោក យ៉ូសែប អូន បានជំរុញឱ្យគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) នៅថ្ងៃសុក្រនេះ ដាក់សម្ពាធលើអ៊ីស្រាអែលឱ្យគោរពបទឈប់បាញ់ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កងទ័ពលីបង់ក្នុងការដកហូតអាវុធក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ទោះបីជាមានបទឈប់បាញ់កាលពីខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីបញ្ចប់អរិភាពក៏ដោយ ក៏អ៊ីស្រាអែលនៅតែបន្តការវាយប្រហារ និងរក្សាកងទ័ពនៅតំបន់យុទ្ធសាស្ត្រចំនួន ៥ នៅភាគខាងត្បូងលីបង់។ លោក អូន បានសង្កត់ធ្ងន់ថា «ចាំបាច់ត្រូវដាក់សម្ពាធលើភាគីអ៊ីស្រាអែលឱ្យអនុវត្តបទឈប់បាញ់ និងដកទ័ពចេញ»។
រដ្ឋាភិបាលលីបង់បានបញ្ជាឱ្យយោធារបស់ខ្លួនដកហូតអាវុធហេសបូឡាទាំងស្រុងកាលពីខែសីហា ហើយរំពឹងថានឹងបញ្ចប់ដំណាក់កាលទីមួយនៅដំណាច់ឆ្នាំនេះ។
ទន្ទឹមនឹងនេះ តំណាងស៊ីវិលលីបង់ និងអ៊ីស្រាអែល បានជួបចរចាដោយផ្ទាល់ជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍ ដែលលោក អូន ចាត់ទុកថាមានភាព «វិជ្ជមាន» ដោយសង្កត់ធ្ងន់លើតម្រូវការសម្រាប់ «ភាសានៃការចរចា មិនមែនភាសានៃសង្គ្រាម»។
យ៉ាងណាក៏ដោយ ស្ថានការណ៍នៅតែតានតឹង ដោយកាលពីថ្ងៃព្រហស្បតិ៍ អ៊ីស្រាអែលបានវាយប្រហារទីក្រុងចំនួន ៤ នៅភាគខាងត្បូង ដោយអះអាងថាវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធហេសបូឡា។ កងរក្សាសន្តិភាព UN បានហៅការវាយប្រហារនេះថាជា «ការរំលោភបំពានយ៉ាងច្បាស់លាស់» លើសេចក្តីសម្រេចចិត្តលេខ ១៧០១៕






