ស៊ុយអែតកាត់បន្ថយជំនួយដល់ ៥ប្រទេស ដើម្បីបង្វែរលុយទៅជួយអ៊ុយក្រែន (Video inside)
05-12-2025 22:03
(ស្តុកហូម)៖ រដ្ឋាភិបាលស៊ុយអែតបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួននឹងបញ្ឈប់ជំនួយអភិវឌ្ឍន៍ជាបណ្តើរៗដល់ប្រទេសចំនួន ៥ នៅប៉ុន្មានឆ្នាំខាងមុខ ហើយប្រើប្រាស់ថវិកាទាំងនោះដើម្បីបង្កើនការគាំទ្រដល់អ៊ុយក្រែន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋមន្ត្រីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិ លោក បេនចាមីន ឌូសា (Benjamin Dousa) បានបញ្ជាក់ថា ប្រទេសដែលនឹងរងផលប៉ះពាល់រួមមាន ហ្ស៊ីមបាវ៉េ តង់ហ្សានី ម៉ូសំប៊ិក លីបេរីយ៉ា និងបូលីវី។ លោកបានសង្កត់ធ្ងន់ថា «អ៊ុយក្រែនគឺជាអាទិភាពគោលនយោបាយការបរទេស និងជំនួយដ៏សំខាន់បំផុតរបស់ស៊ុយអែត...ដូច្នេះរដ្ឋាភិបាលនឹងបង្កើនជំនួយដល់អ៊ុយក្រែនយ៉ាងហោចណាស់ ១០ពាន់លានក្រូណា (១.០៦ពាន់លានដុល្លារ) នៅឆ្នាំ២០២៦»។
រដ្ឋាភិបាលរំពឹងថា វិធានការនេះនឹងសន្សំប្រាក់បានជាង ២ពាន់លានក្រូណា (២១២លានដុល្លារ) ក្នុងរយៈពេលពីរឆ្នាំខាងមុខ ដែលនឹងត្រូវបង្វែរទៅប្រើប្រាស់ក្នុងគម្រោងនានានៅអ៊ុយក្រែន ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធថាមពលឡើងវិញ។
គួរបញ្ជាក់ថា ស៊ុយអែតបានកាត់បន្ថយជំនួយដល់ប្រទេសជាង ១០ រួចមកហើយចាប់តាំងពីឆ្នាំ២០២២។ រដ្ឋាភិបាលក៏បានប្រកាសកាត់បន្ថយថវិកាជំនួយសរុបពី ៥៦ពាន់លានក្រូណា មកនៅត្រឹម ៥៣ពាន់លានក្រូណាក្នុងមួយឆ្នាំ សម្រាប់កំឡុងឆ្នាំ២០២៦-២០២៨ ផងដែរ៕





