អូស្រ្តាលីដាក់ទណ្ឌកម្មនិងបម្រាមធ្វើដំណើរ លើមន្រ្តីតាលីបង់នៅអាហ្វហ្កានីស្ថាន (Video inside)

06-12-2025 09:53

(កង់បេរ៉ា)៖ នាថ្ងៃសៅរ៍នេះ អូស្រ្តាលីបានប្រកាសដាក់ទណ្ឌកម្មហិរញ្ញវត្ថុ រួមជាមួយបម្រាមធ្វើដំណើរ លើមន្រ្តីចំនួន៤រូប ក្នុងរដ្ឋាភិបាលតាលីបង់នៃប្រទេសអាហ្វហ្កានីស្ថាន ក្រោមហេតុផលការធ្លាក់ដុនដាបនៃស្ថានភាពសិទ្ធិមនុស្សនៅទីនោះ ជាពិសេសសម្រាប់ស្រ្តីនិងក្មេងស្រី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥។

រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី លោកស្រី Penny Wong បានលើកឡើងថា ក្រុមមន្រ្តីខាងលើជាប់ពាក់ព័ន្ធ ក្នុងការគាបសង្កត់សិទ្ធិ​របស់ស្រ្តីភេទនិងក្មេងស្រីៗ ព្រមទាំងក្នុងការធ្វើឱ្យខូចអភិបាលកិច្ចល្អ ក៏ដូចជានីតិរដ្ឋនៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលបច្ចុប្បន្នស្ថិតក្រោមការដឹកនាំរបស់តាលីបង់។

លោកស្រី Wong បាននិយាយថា ការដាក់ទណ្ឌកម្មរបស់អូស្រ្តាលី បានកំណត់គោ

លដៅលើរដ្ឋមន្រ្តីតាលីបង់ចំនួន៣រូប និងប្រធានតុលាការកំពូលរបស់តាលីបង់ ក្រោមការចោទប្រកាន់ថា ពួកគេរឹតត្បិតសិទ្ធិរបស់ស្រ្តីនិងក្មេងស្រី ក្នុងការទទួលបាន​ការអប់រំ ការងារ សេរីភាពនៃការធ្វើដំណើរ និងលទ្ធភាពចូលរួមក្នុងជីវិតសាធារណៈ។

គួរបញ្ជាក់ថា អូស្រ្តាលីស្ថិតក្នុងចំណោមប្រទេសមួយចំនួន ដែលកាលពីខែសីហា ឆ្នាំ២០២១ បានដកកងទ័ពចេញពីអាហ្វហ្កានីស្ថាន ក្រោយធ្វើប្រតិបត្តិការនៅទីនោះ ក្រោមក្របខណ្ឌក្រុមយោធាអន្តរជាតិដឹកនាំដោយ NATO ដែលបានផ្តល់ការហ្វឹកហាត់ដល់កងកម្លាំងសន្តិសុខអាហ្វហ្កានីស្ថាន ហើយប្រយុទ្ធជាមួយតាលីបង់ អស់រយៈពេល២ទសវត្សរ៍ បន្ទាប់ពីកងកម្លាំងគាំទ្រដោយលោកខាងលិច បានផ្តួលរំលំក្រុមសកម្មប្រយុទ្ធនេះចេញពីអំណាច។

ចាប់តាំងពីពេលនោះ តាលីបង់បានត្រឡប់មកកាន់អំណាចសាជាថ្មីវិញ ប៉ុន្តែបានរងការរិះគន់ថា បំបិទសិទ្ធិសេរីភាពយ៉ាងខ្លាំង​ចំពោះស្រ្តីនិងក្មេងស្រី តាមរយៈការហាមឃាត់មិនឱ្យសិក្សានិងបំពេញការងារ។ យ៉ាងណាមិញ តាលីបង់បានចេញមុខបកស្រាយថា ខ្លួនគោរពសិទ្ធិស្រ្តី ដោយស្របតាមការបកប្រែនៃច្បាប់អ៉ីស្លាម និងទំនៀមទម្លាប់ក្នុងប្រទេស៕