អ៊ុយក្រែន ថារុស្ស៉ីវាយប្រហារហេដ្ឋរចនាសម្ព័ន្ធថាមពល និងដឹកជញ្ជូន ក្នុងទ្រង់ទ្រាយធំ
06-12-2025 20:07
(កៀវ)៖ តាមក្រុមមន្ត្រីអ៊ុយក្រែន និងទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិ (IAEA) ការវាយប្រហារដោយយន្តហោះដ្រូន និងមីស៉ីលទ្រង់ទ្រាយធំរបស់រុស្ស៉ី បានធ្វេីឱ្យខូចខាតរោងចក្រថាមពលក្នុងតំបន់ចំនួន ៨របស់អ៊ុយក្រែន បណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងបង្ខំឱ្យរោងចក្រថាមពលនុយក្លេអ៊ែរកាត់បន្ថយទិន្នផលថាមពល។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ ២០២៥។
អ៊ុយក្រែន ដំណើរការរោងចក្រថាមពលនុយក្លេអ៊ែរចំនួន ៣ដែលផលិតបានច្រើនជាងពាក់កណ្តាលនៃថាមពលសរុបរបស់ប្រទេស ហើយ IAEA បានឱ្យដឹងថា រោងចក្រត្រូវកាត់បន្ថយការផលិត ដោយសារតែមានសកម្មភាពយោធារាលដាលមក។ យោធាអ៊ុយក្រែននិយាយថា រុស្ស៉ីបាញ់ដ្រូនមកចំនួន ៦៥៣គ្រឿង និង មីស៉ីល ៥១គ្រាប់ពេញមួយ យប់។ កងកម្លាំងអ៊ុយក្រែនបាញ់ទម្លាក់ដ្រូនបាន ៥៨៥គ្រឿង និងមីស៉ីល ៣០គ្រាប់។
ក្រសួងអភិវឌ្ឍសហគមន៍ និងដែនដីអ៊ុយក្រែន បានឱ្យដឹងថា គ្រឿងបរិក្ខារផលិតថាមពល និងកំដៅ នៅក្នុងតំបន់ Chernihiv, Zaporizhzhia, Lviv និង Dnipropetrovsk គឺជាគោលដៅនៃការវាយប្រហារ។ មនុស្សចំនួន ៩ ៥០០នាក់មិនទាន់មានកំដៅ និង ៣៤ ០០០នាក់គ្មានទឹកប្រេីប្រាស់នៅក្នុងតំបន់ Odesa ភាគខាងត្បូង។ កំពង់ផែ Odesa ក៏ត្រូវបានវាយប្រហារផងដែរ ដោយផ្នែកខ្លះត្រូវបន្ថយការប្រេីប្រាស់ថាមពល ហើយប្រតិបត្តិករបានប្តូរទៅប្រេីភ្លេីងបម្រុងពីម៉ាស៉ីនភ្លេីង។
ក្រុមហ៊ុនផ្លូវដែករដ្ឋអ៊ុយក្រែន Ukrzaliznytsia បានឱ្យដឹងថា ក្នុងចំណោមកន្លែងដែលត្រូវបានវាយប្រហារ មានស្ថានីយ៍ផ្លូវដែកមួយក្បែរទីក្រុងកៀវ នាំឱ្យឃ្លាំង និងទូរថភ្លើងរងការខូចខារ។ រុស្ស៉ីថា កងកម្លាំងរបស់ខ្លួនចាប់ផ្តើមវាយប្រហារដ៏ធំនេះ គឺដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់អ៊ុយក្រែន លេីគោលដៅជនស៉ីវិលរុស្ស៉ី៕








