លោក ហ្សេលេនស្គី ថាមានកិច្ចសន្ទនាតាមទូរស័ព្ទដ៏មានសារៈសំខាន់ជាមួយបេសកជនពិសេសរបស់លោក ត្រាំ (Video inside)

07-12-2025 10:38

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី៦ ខែធ្នូ បាននិយាយថារូបលោកបានបើកកិច្ចពិភាក្សាតាមទូរស័ព្ទដ៏មានសារៈសំខាន់ជាមួយបេសកពិសេសរបស់ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គឺលោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ត្រាំ លោក Jared Kushner។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្នុងការបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក ហ្សេលេនស្គី បានគូសបញ្ជាក់ថា «អ៊ុយក្រែនមានការប្ដេជ្ញាចិត្តដើម្បីធ្វើការដោយសុច្ឆន្ទៈជាមួយភាគីអាមេរិក ដើម្បីសម្រេចឱ្យបាននូវសន្តិភាពមួយយ៉ាងពិតប្រាកដ។ យើងបានឯកភាពគ្នាលើជំហានបន្ទាប់ និងក្របខណ្ឌសម្រាប់កិច្ចចរចាជាមួយសហរដ្ឋអាមេរិក»។

លោក Witkoff និងលោក Kushner នៅក្នុងសប្ដាហ៍នេះក៏បានបើកកិច្ចចរចារយៈពេល២ថ្ងៃជាមួយក្រុមអ្នកចរចាអ៊ុយក្រែនដឹកនាំដោយលោក Rustem Umerov នៅក្នុងទីក្រុង Miami ផងដែរ ហើយភាគីទាំងសងខាងបានហៅកិច្ចពិភាក្សានេះថាប្រព្រឹត្តទៅប្រកបដោយលក្ខណៈស្ថាបនាស្ដីពីការជំរុញការបោះជំហានមួយដ៏គួរឱ្យទុកចិត្តបានឆ្ពោះទៅរកសន្តិភាពយូរអង្វែង និងពិតប្រាកដនៅអ៊ុយក្រែន។

តាមលោក ហ្សេលេនស្គី លោកផ្ទាល់កំពុងទន្ទឹងរង់ចាំលោក Umerov រាយការណ៍លម្អិតជូនរូបលោកដោយផ្ទាល់នៅក្នុងទីក្រុងកៀវ។ តែលោកបន្ថែមថាមិនមែនរឿងគ្រប់យ៉ាងអាចសុទ្ធតែអាចពិភាក្សាតាមទូរស័ព្ទបាននោះទេ ដូច្នេះលោកចាំបាច់ត្រូវធ្វើការយ៉ាងជិតស្និទ្ធជាមួយក្រុមអ្នកចរចាអ៊ុយក្រែន ស្ដីពីគំនិត និងសំណើនានា៕