យោធាវ៉េណេស៊ុយអេឡា ទទួលបានកងទ័ពថ្មី ៥៦០០នាក់ នៅចំពោះមុខសម្ពាធយោធាពីសហរដ្ឋអាមេរិក (Video inside)
07-12-2025 14:18
(ការ៉ាកាស)៖ កងទ័ពវ៉េណេស៊ុយអេឡា ទទួលបានទាហានថ្មីបន្ថែម ៥៦០០នាក់ កាលពីថ្ងៃសៅរ៍ ទី៦ ខែធ្នូ ខណៈសហរដ្ឋអាមេរិកកំពុងបង្កើនការដាក់សម្ពាធយោធាលើប្រទេសផលិតប្រេងមួយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ប្រធានាធិបតីវ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានអំពាវនាវឱ្យបង្កើនការជ្រើសរើសទាហានបន្ថែម បន្ទាប់ពីសហរដ្ឋអាមេរិកបានដាក់ពង្រាយកងនាវាចម្បាំង និងនាវាផ្ទុកយន្ដហោះចម្បាំង ធំជាងគេបំផុតរបស់ពិភពលោកទៅកាន់តំបន់ Caribbean ដើម្បីដឹកនាំយុទ្ធនាការបង្ក្រាបការរត់ពន្ធគ្រឿងញៀនខុសច្បាប់។ មកទល់នឹងពេលនេះ យោធាអាមេរិកបានដឹកនាំការវាយប្រហារលើ ទូកសង្ស័យដឹកគ្រឿងញៀនច្រើនជាង២០គ្រឿង ទាំងនៅក្នុងតំបន់ Caribbean និងប៉ាស៊ីហ្វិកដោយសម្លាប់មនុស្សយ៉ាងហោច ៨៧នាក់។
ទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់លោក ម៉ាឌូរ៉ូថាជាមេកើយរបស់ពួកឧក្រិដ្ឋជនគ្រឿងញៀនវ៉េណេស៊ុយអេឡា មានឈ្មោះហៅជាភាសាអង់គ្លេសថា Cartel of the Suns ដែលទីក្រុងវ៉ាស៊ីនតោន ចាត់ទុកថាជាអង្គការភេរវករកាលពីខែវិច្ឆិកាកន្លងទៅ។ តែលោក ម៉ាឌូរ៉ូបានទាត់ចោលការចោទប្រកាន់នេះ ហើយការបង្កើនវត្តមានយោធារបស់សហរដ្ឋអាមេរិកនៅក្នុងតំបន់ Caribbean គឺមានគោលដៅទម្លាក់រូបលោកពីអំណាច និងរឹបអូសយកប្រេងពីប្រទេសរបស់លោក។ បើតាមតួលេខផ្លូវការ វ៉េណេស៊ុយអេឡាមានកងទ័ពប្រហែល ២០០ ០០០នាក់ បូកបន្ថែមមន្ត្រីប៉ូលិស ២០០ ០០០នាក់៕








