វិមានក្រឹមឡាំង ស្វាគមន៍យុទ្ធសាស្ត្រសន្តិសុខថ្មីរបស់អាមេរិក ដោយថាស្របនឹងទស្សនៈរបស់រុស្ស៊ី (Video inside)

07-12-2025 22:08

(មូស្គូ)៖ វិមានក្រឹមឡាំងនៅថ្ងៃអាទិត្យនេះ បានសម្តែងការស្វាគមន៍ចំពោះចំណាត់ការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក្នុងការឈប់ចាត់ទុកប្រទេសរុស្ស៊ីថាជាការគំរាមកំហែងផ្ទាល់។ អ្នកនាំពាក្យវិមានក្រឹមឡាំងបានអះអាងថា យុទ្ធសាស្ត្រសន្តិសុខជាតិថ្មីរបស់អាមេរិក ដែលបង្ហាញថាមហាអំណាចអឺរ៉ុបកំពុងធ្លាក់ចុះ គឺស្របគ្នាទៅនឹងការយល់ឃើញរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យុទ្ធសាស្ត្រថ្មីដែលចុះហត្ថលេខាដោយលោក ត្រាំ បានពិពណ៌នាពីចក្ខុវិស័យនៃ «ភាពប្រាកដនិយមដែលអាចបត់បែនបាន» និងបានព្រមានថាអឺរ៉ុបកំពុងប្រឈមមុខនឹង «ការលុបបំបាត់អរិយធម៌»។ មិនតែប៉ុណ្ណោះ យុទ្ធសាស្ត្រនេះបានចាត់ទុកការចរចាបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន និងការស្តារស្ថិរភាពយុទ្ធសាស្ត្រជាមួយរុស្ស៊ីថាជាផលប្រយោជន៍ «ស្នូល» របស់សហរដ្ឋអាមេរិក។

លោក ឌីមីទ្រី ប៉េស្កូវ អ្នកនាំពាក្យវិមានក្រឹមឡាំង បានប្រាប់ទូរទស្សន៍រដ្ឋថា «ការកែសម្រួលដែលយើងឃើញ គឺត្រូវគ្នាទៅនឹងចក្ខុវិស័យរបស់យើងតាមវិធីជាច្រើន»។ លោកក៏បានចាត់ទុកការសន្យាក្នុងឯកសារអាមេរិក ដើម្បីបញ្ចប់ការពង្រីកខ្លួនឥតឈប់ឈររបស់អង្គការណាតូ ថាជារឿងគួរឱ្យលើកទឹកចិត្ត។

ទោះជាយ៉ាងណា លោក ប៉េស្កូវ បានព្រមានថា «រដ្ឋជ្រៅ» ដែលទំនងសំដៅទៅលើក្រុមអ្នកមានឥទ្ធពល និងអំណាចកំបាំងមុខ នៅក្នុងរដ្ឋាភិបាល ឬហៅថា Deep State របស់អាមេរិក អាចនឹងមានទស្សនៈផ្ទុយពីលោក ត្រាំ។ គួរកត់សម្គាល់ថា មន្ត្រីជាន់ខ្ពស់អឺរ៉ុបបានបង្ហាញក្តីបារម្ភជាខ្លាំងថា អាមេរិកក្រោមការដឹកនាំរបស់លោក ត្រាំ អាចនឹងបែរខ្នងដាក់អឺរ៉ុប ដែលពឹងផ្អែកលើទីក្រុងវ៉ាស៊ីនតោនសម្រាប់ជំនួយយោធា៕