រដ្ឋបាលលោក ត្រាំ ប្រកាសចាត់ថ្នាក់ថ្នាំញៀនហ្វេនតានីល ជា «អាវុធមហាប្រល័យ» (Video inside)
16-12-2025 14:45
(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃចន្ទ ទី១៥ ខែធ្នូ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបញ្ជាប្រតិបត្តិមួយ ដែលប្រកាសចាត់ថ្នាក់ ថ្នាំញៀនហ្វេនតានីល (fentanyl) ជាអាវុធមហាប្រល័យ ដើម្បីពង្រីកសិទ្ធិអំណាចរបស់រដ្ឋាភិបាលអាមេរិក ក្នុងការប្រយុទ្ធប្រឆាំងប្រភេទគ្រឿងញៀននេះ ដែលត្រូវបានអះអាងថា នៅពីក្រោយការស្លាប់របស់ពលរដ្ឋអាមេរិករាប់ម៉ឺននាក់ ក្នុង១ឆ្នាំៗ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ការចាត់ថ្នាក់ខាងលើ ដែលមិនធ្លាប់មានឡើយសម្រាប់គ្រឿងញៀនមួយប្រភេទ ជាសញ្ញាបង្ហាញថា លោក ត្រាំ មានបំណងចាត់ទុក fentanyl មិនត្រឹមជាវិបត្តិសុខភាពសាធារណៈមួយនោះទេ ប៉ុន្តែជាការគំរាមកំហែងធំផ្នែកសន្តិសុខជាតិ ស្មើទៅនឹងអាវុធគីមី។ ចំណាត់ការនេះ ផ្តល់អំណាចឱ្យក្រសួងការពារជាតិអាមេរិក ជួយគាំទ្រអាជ្ញាធរអនុវត្តច្បាប់ និងអនុញ្ញាតឱ្យបណ្តាទីភ្នាក់ងារចារកម្ម ប្រើប្រាស់ឧបករណ៍ពិសេសៗ ដើម្បីប្រឆាំងក្រុមជនជួញដូរគ្រឿងញៀន។
លោក ត្រាំ បាននិយាយក្នុងសេតវិមានយ៉ាងដូច្នេះថា «យើងសម្រេចចាត់ថ្នាក់ fentanyl ជាផ្លូវការ ជាអាវុធមហាប្រល័យ ព្រោះជាក់ស្តែង វាគឺបែបនោះមែន។ ពួករត់ពន្ធគ្រឿងញៀន កំពុងព្យាយាមធ្វើឱ្យប្រទេសយើងទាំងមូល ស្ថិតក្រោមឥទ្ធិពលគ្រឿងញៀន។ ថ្នាំខុសច្បាប់ fentanyl គឺស្រដៀងទៅនឹងអាវុធគីមី ជាជាងគ្រឿងញៀន»។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៥នេះ រដ្ឋបាលលោក ដូណាល់ ត្រាំ បានកត់ឈ្មោះក្រុមឧក្រិដ្ឋជនគ្រឿងញៀន ចូលបញ្ជីអង្គការភេរវករបរទេស ដែលបើកផ្លូវឱ្យមានការធ្វើសកម្មភាពយោធាប្រឆាំងពួកគេ។ ចាប់តាំងតែពីខែកញ្ញាមក យោធាអាមេរិក បានបើកការវាយប្រហារសរុបលើស២០លើក ប្រឆាំងទូកជាច្រើនគ្រឿងដែលសង្ស័យដឹកគ្រឿងញៀន នៅតំបន់សមុទ្រ Caribbean និងភាគខាងកើតមហាសមុទ្រប៉ាស៉ីហ្វិក សម្លាប់មនុស្សយ៉ាងហោច៩០នាក់។ ក្រុមអ្នកជំនាញផ្នែកច្បាប់ បានលើកឡើងថា ការវាយប្រហារទាំងនោះ អាចជាអំពើខុសច្បាប់ ហើយស្មើនឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធយុត្តិធម៌៕






