អាល្លឺម៉ង់ ចុះកិច្ចព្រមព្រៀងទំហំជាង៣ពាន់លានដុល្លារ ជាមួយអ៉ីស្រាអែល ដើម្បីពង្រីកប្រព័ន្ធខែលការពារអាកាស Arrow (Video inside)

19-12-2025 14:47

(ហ៊្សេរុយសាឡិម)៖ កាលពីថ្ងៃព្រហស្បតិ៍ ទី១៨ ខែធ្នូ ក្រសួងការពារជាតិនៃប្រទេសអ៉ីស្រាអែល បានប្រកាសថា អាល្លឺម៉ង់បានចុះកិច្ចព្រមព្រៀងមួយ មានតម្លៃ៣.១ពាន់លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធខែលការពារមីស៉ីលនិងដែនអាកាស Arrow-3 ដែលផលិតដោយក្រុមហ៊ុនអ៉ីស្រាអែល Israel Aerospace Industries (IAI)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

អាល្លឺម៉ង់បានទិញប្រព័ន្ធ Arrow ដំបូងកាលពីឆ្នាំ២០២៣ នៅពេលដែលទីក្រុងបែរឡាំង មើលឃើញមីស៉ីលរយៈចម្ងាយមធ្យម​របស់រុស្ស៉ី គឺជាការគំរាមកំហែងចម្បងចំពោះប្រជាជន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ខ្លួន។ ក្រសួងការពារជាតិអ៉ីស្រាអែល បាននិយាយថា រួមបញ្ចូលគ្នា កិច្ចព្រមព្រៀងទាំងពីរ មានតម្លៃសរុបខ្ទង់៦.៧ពាន់លានដុល្លារ ដែលតំណាងឱ្យកិច្ចព្រមព្រៀងនាំចេញវិស័យការពារជាតិធំបំផុត ក្នុងប្រវត្តិសាស្រ្តរបស់ប្រទេសអ៉ីស្រាអែល។

គួរបញ្ជាក់ថា កាលពីដើមខែធ្នូនេះ អាល្លឺម៉ង់បានក្លាយជាប្រទេសអឺរ៉ុបដំបូងគេ ដែលដាក់ពង្រាយប្រព័ន្ធខែលការពារដែនអាកាស Arrow ដែលរចនាឡើងសម្រាប់បាញ់ស្ទាក់ មីស៉ីលបាលិស្ទីគរយៈចម្ងាយមធ្យម ដូចជាមីស៉ីល Oreshnik របស់រុស្ស៉ីជាដើម។ ប្រព័ន្ធខែលការពារនេះ អភិវឌ្ឍដោយក្រុមហ៊ុន IAI ក្រោមកិច្ចសហប្រតិបត្តិការជាមួយ ទីភ្នាក់ងារការពារមីស៉ីលអាមេរិក ហើយ​ត្រូវបានប្រើប្រាស់ក្នុងការការពារមីស៉ីលស្រទាប់ខាងលើរបស់អ៉ីស្រាអែល រួមគ្នាជាមួយប្រព័ន្ធការពារស្រទាប់ខាងក្រោម Iron Dome ដែលទប់ទល់​ការគំរាមកំហែងរយៈចម្ងាយខ្លី៕