អាមេរិក ដាក់ទណ្ឌកម្មលើចៅក្រម ICC ពីររូបទៀត សម្រាប់ការស៉ើបអង្កេតអ៉ីស្រាអែល (Video inside)

19-12-2025 15:57

(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានដាក់ទណ្ឌកម្មលើចៅក្រមពីររូបទៀត នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC បន្ទាប់ពីអ្នកទាំងពីរទាត់ចោលសំណើរបស់អ៉ីស្រាអែល ឱ្យបញ្ឈប់ការស៉ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមហ្កាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥។

រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Marco Rubio គូសបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ យ៉ាងដូច្នេះថា «យើងនឹងមិនអត់ឱន ចំពោះការបំពានអំណាចដោយ ICC ដែលរំលោភលើអធិបតេយ្យភាពអាមេរិក និងអ៉ីស្រាអែល ហើយបញ្ចូលមនុស្សរបស់អាមេរិក និងអ៉ីស្រាអែល ដោយខុសឆ្គង ទៅក្រោមយុត្តាធិការ ICC ឡើយ។ យើង​នឹង​បន្ត​ឆ្លើយ​តប​ជាមួយ​​ផល​វិបាកធំ ​និង​ជាក់ស្តែង​ចំពោះ​ច្បាប់ និងរបៀបធ្វើការហួសកម្រិតរបស់ ICC»

គួរបញ្ជាក់ថា ចៅក្រមមួយរូប និងរដ្ឋអាជ្ញាមួយរូបនៃ ICC ដែលត្រូវបានដាក់ទណ្ឌកម្មនាពេលនេះ បានគាំទ្រ និងរក្សាដីកាចាប់ខ្លួន នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិ លោក Yoav Gallant។ កាលពីខែសីហា សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មលើមន្រ្តី ICC ចំនួន ៤នាក់រួចមកហើយ ជុំវិញការជំរុញឱ្យមានការស៉ើបអង្កេតឧក្រិដ្ឋកម្មសង្រ្គាមហ្កាហ្សា៕