ឥណ្ឌូណេស៉ី គ្រោងផ្តល់ប្រាក់ឧបត្ថម្ភជីវភាពប្រចាំថ្ងៃ ដល់គ្រួសាររងគ្រោះដោយទឹកជំនន់ នៅកោះ Sumatra

19-12-2025 16:23

(ហ្សាការតា)៖ ជនរងគ្រោះដោយទឹកជំនន់សម្លាប់មនុស្ស នៅលើកោះ Sumatra នៃប្រទេសឥណ្ឌូណេស៉ីនាពេលថ្មីៗ អាចទទួលបានការគាំទ្រពីរដ្ឋាភិបាល ដែលមានប្រាក់ឧបត្ថម្ភជីវភាពប្រចាំថ្ងៃ កញ្ចប់ជំនួយសម្រាប់គ្រួសារភៀសខ្លួន និងសំណងចំនួន ១៥លានរូពី ឬ ៨៩៦ដុល្លារ សម្រាប់គ្រួសារដែលមានអ្នកស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្នាំ ២០២៥។

លោក Saifullah Yusuf រដ្ឋមន្រ្តីកិច្ចការសង្គមឥណ្ឌូណេស៉ី បានឱ្យដឹងថា លំនៅដ្ឋានបណ្តោះអាសន្ន ឬអចិន្ត្រៃយ៍ គឺមានសម្រាប់អ្នករងគ្រោះ ហើយក៏នឹងមានប្រាក់ឧបត្ថម្ភជីវភាពប្រចាំថ្ងៃរយៈពេល ៣ខែផងដែរ ដោយតាមគ្រួសារនីមួយៗ បុគ្គលម្នាក់នឹងទទួលបានលុយ ១០ ០០០រូពី ឬ ៦០សេនក្នុងមួយថ្ងៃ។ ឧទាហរណ៍ គ្រួសារមួយមានគ្នា ៥នាក់ ដូចនេះនឹងទទួលបាន ៥០ ០០០រូពី ឬ ៣ដុល្លារក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃសុក្រនេះ មនុស្សជាង ១៩០នាក់នៅតែបន្តបាត់ខ្លួន ខណៈតួលេខអ្នកស្លាប់កើនដល់ ១ ០៦៨នាក់ របួស ៧ ០០០នាក់ ក្នុងខេត្ត Aceh, West Sumatra និង North Sumatra បន្ទាប់ពីព្យុះស៉ីក្លូន Senyar វាយប្រហារ និងបង្កជាទឹកជំនន់ កាលពីខែវិច្ឆិកា។ អ្នកស្រុកប្រហែល ៥៧៧ ៦០០ត្រូវផ្លាស់ទីលំនៅ និងផ្ទះជាង ១៤៧ ០០០ខ្នង ត្រូវបានបំផ្លាញ៕