លោក ពូទីន នឹងមិនធ្វើការសម្របសម្រួលលើបញ្ហាអ៊ុយក្រែនឡើយ, ចោទអឺរ៉ុបថា «ប្លន់ទ្រព្យរុស្ស៊ីទាំងថ្ងៃ» (Video inside)

19-12-2025 18:44

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន បានប្រកាសយ៉ាងដាច់ណាត់នៅថ្ងៃសុក្រនេះថា លោកនឹងមិនធ្វើការសម្របសម្រួលណាមួយលើលក្ខខណ្ឌរបស់លោក ដើម្បីបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនឡើយ។ ក្នុងឱកាសនោះ លោកក៏បានចោទប្រកាន់សហភាពអឺរ៉ុបថាបានព្យាយាមធ្វើ «អំពើប្លន់ទាំងថ្ងៃ» លើទ្រព្យសម្បត្តិរបស់រុស្ស៊ី។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

នៅក្នុងសន្និសីទសារព័ត៌មានប្រចាំឆ្នាំ លោក ពូទីន បានលើកឡើងថា លោកមិនឃើញមានការត្រៀមខ្លួនពីភាគីអ៊ុយក្រែនដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងសន្តិភាពនោះទេ ប៉ុន្តែមាន «សញ្ញាមួយចំនួន» ដែលបង្ហាញថាពួកគេចង់ចូលរួមក្នុងការសន្ទនា។

លោកបានសង្កត់ធ្ងន់ថា «យើងត្រៀមខ្លួនជាស្រេចដើម្បីបញ្ចប់ជម្លោះនេះដោយសន្តិវិធី ដោយផ្អែកលើគោលការណ៍ដែលខ្ញុំបានរៀបរាប់កាលពីខែមិថុនាកន្លងទៅ...និងដោយដោះស្រាយឫសគល់ដែលនាំឱ្យមានវិបត្តិនេះ»។

គួរបញ្ជាក់ថា លក្ខខណ្ឌទាំងនោះតម្រូវឱ្យអ៊ុយក្រែនបោះបង់មហិច្ឆតាចូលអង្គការណាតូ និងដកទ័ពចេញទាំងស្រុងពីតំបន់ចំនួន ៤ ដែលរុស្ស៊ីបានទាមទារថាជាទឹកដីរបស់ខ្លួន។ ទោះយ៉ាងណា ទីក្រុងកៀវបានបដិសេធដាច់អហង្ការចំពោះការប្រគល់ទឹកដីទាំងនេះ៕