លោក ម៉ាក្រុង៖ អឺរ៉ុបនឹងត្រូវចរចាដោយផ្ទាល់ជាមួយលោក ពូទីន បើកិច្ចចរចារបស់អាមេរិកបរាជ័យ (Video inside)

19-12-2025 20:32

(ព្រុចសែល)៖ ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា អឺរ៉ុបនឹងត្រូវចូលរួមក្នុងការចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ឡើងវិញ ប្រសិនបើកិច្ចខិតខំប្រឹងប្រែងសន្តិភាពដែលដឹកនាំដោយសហរដ្ឋអាមេរិកទទួលបរាជ័យ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក ម៉ាក្រុង បានប្រាប់អ្នកយកព័ត៌មានថា «មានតែជម្រើសពីរទេ គឺសន្តិភាពដ៏រឹងមាំ និងយូរអង្វែងត្រូវបានសម្រេច... ឬមួយយើងនឹងត្រូវការស្វែងរកមធ្យោបាយក្នុងសប្តាហ៍ខាងមុខ ដើម្បីឱ្យអឺរ៉ុបចូលរួមក្នុងការសន្ទនាពេញលេញជាមួយរុស្ស៊ីឡើងវិញ ដោយមានតម្លាភាព»។

ការលើកឡើងនេះធ្វើឡើងបន្ទាប់ពីមេដឹកនាំ EU បានព្រមព្រៀងផ្តល់មូលនិធិដល់អ៊ុយក្រែននូវកម្ចី ៩០ពាន់លានអឺរ៉ូ (១០៥.៤៤ពាន់លានដុល្លារ) ដែលគាំទ្រដោយថវិកាផ្ទាល់របស់ប្លុកនេះ។ លោក ម៉ាក្រុង បានលើកហេតុផលថា EU មិនអាចបិទផ្លូវខ្លួនឯងពីការទាក់ទងផ្ទាល់ជាមួយមូស្គូបានទេ ប្រសិនបើរដ្ឋបាលលោក ត្រាំ កំពុងធ្វើបែបនោះ។ គួរបញ្ជាក់ថា មន្ត្រីអាមេរិកគ្រោងនឹងជួបអ្នកចរចារុស្ស៊ីនៅរដ្ឋ Miami នៅចុងសប្តាហ៍នេះ៕