អ៊ុយក្រែនថា ខ្លួនទទួលបានសាកសពទាហានជាង ១,០០០នាក់ពីរុស្ស៊ី (Video inside)
19-12-2025 21:52
(កៀវ)៖ ទីក្រុងកៀវបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនបានទទួលសាកសពជាង ១,០០០នាក់ពីប្រទេសរុស្ស៊ី ដែលទីក្រុងមូស្គូអះអាងថាជាទាហានអ៊ុយក្រែនដែលបានពលីជីវិតក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពវិមានក្រឹមឡាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ទីបញ្ជាការសម្របសម្រួលសម្រាប់ការព្យាបាលអ្នកទោសសង្គ្រាមរបស់អ៊ុយក្រែន បានបញ្ជាក់ថា «ថ្ងៃនេះ សកម្មភាពបញ្ជូនសាកសពត្រឡប់មកវិញបានធ្វើឡើង។ សាកសពចំនួន ១,០០៣នាក់ ដែលភាគីរុស្ស៊ីអះអាងថាជាទាហានអ៊ុយក្រែន ត្រូវបានប្រគល់មកឱ្យអ៊ុយក្រែនវិញ»។
ដោយឡែក ជំនួយការវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ មេឌីនស្គី (Vladimir Medinsky) បានបញ្ជាក់ថា ភាគីរុស្ស៊ីក៏ទទួលបានសាកសពទាហានរុស្ស៊ីចំនួន ២៦នាក់ត្រឡប់ទៅវិញដែរ។ លោកបានបន្ថែមថា ការផ្លាស់ប្តូរនេះអាចធ្វើទៅបានក្រោមផ្នែកនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុលកាលពីដើមឆ្នាំនេះ។
គួរបញ្ជាក់ថា ការផ្លាស់ប្តូរអ្នកទោសសង្គ្រាម និងសាកសពទាហាន គឺជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដ៏កម្រដែលនៅសេសសល់រវាងទីក្រុងកៀវ និងមូស្គូ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២២៕




