ការវាយប្រហារមីស៉ីលរបស់រុស្ស៉ី លើកំពង់ផែក្នុងតំបន់ Odesa របស់អ៊ុយក្រែន ផ្តាច់ជីវិតមនុស្ស៧នាក់ (Video inside)

20-12-2025 09:21

(កៀវ)៖ មន្រ្តីអ៊ុយក្រែន បានឱ្យដឹងថា កាលពីវេលាយប់ថ្ងៃសុក្រ ទី១៩ ខែធ្នូ ការវាយប្រហារមួយដោយមីស៉ីលរបស់រុស្ស៉ី មកលើហេដ្ឋារចនាសម្ព័ន្ធកំពង់ផែក្នុងតំបន់ Odesa បានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង១៥នាក់ផ្សេងទៀតរងរបួស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។

ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក Oleksiy Kuleba បានបង្ហោះសារលើ Telegram យ៉ាងដូច្នេះថា «នាយប់ថ្ងៃសុក្រ រុស្ស៉ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ នៅតំបន់ Odesa ដោយប្រើមីស៉ីលបាលិស្ទីគ»។ លោក Kuleba និងអភិបាលតំបន់ Odesa លោក Oleh Kiper បានអះអាងថា តាមរបាយការណ៍ជាបឋម មនុស្សចំនួន៧នាក់ត្រូវបានសម្លាប់ និង១៥នាក់បានរងរបួស ក្នុងការវាយប្រហារនោះ។

គួរបញ្ជាក់ថា តំបន់ Odesa គឺជាកន្លែងដ៏សំខាន់នៃការនាំចេញគ្រាប់ធញ្ញជាតិ និងផលិតផលកសិកម្មដទៃទៀតរបស់អ៊ុយក្រែន ហើយជាញឹកញាប់ វាបានក្លាយជាគោលដៅ នៃការវាយប្រហាររបស់រុស្ស៉ី ចាប់តាំងពីការឈ្លានពានរបស់ទីក្រុងមូស្គូ បានចាប់ផ្តើមកាលពីខែកុម្ភៈ ឆ្នាំ២០២២។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ការវាយប្រហារមួយរបស់រុស្ស៉ី បានបណ្តាលឱ្យខូចខាតស្ពានតភ្ជាប់សំខាន់មួយ នៅភាគនិរតី Odesa៕