ចិនគំរាមចាត់វិធានការម៉ឺងម៉ាត់ ជុំវិញការលក់អាវុធរបស់អាមេរិកឱ្យកោះតៃវ៉ាន់ (Video inside)
20-12-2025 10:48
(ប៉េកាំង)៖ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ ឆ្លើយតបការប្រកាសកញ្ចប់សព្វាវុធថ្មីរបស់អាមេរិកសម្រាប់តៃវ៉ាន់ ក្រសួងការពារជាតិចិន បាននិយាយថា យោធាចិននឹងបង្កើនការហ្វឹកហាត់ ហើយចាត់វិធានការម៉ឺងម៉ាត់ ដើម្បីរក្សាការពារអធិបតេយ្យនិងបូរណភាពទឹកដី របស់ប្រទេសខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្នុងសប្តាហ៍នេះ សហរដ្ឋអាមេរិក បា
ប្រកាសគម្រោងលក់សព្វាវុធឱ្យទៅតៃវ៉ាន់ មានតម្លៃសរុបរហូតដល់ ១១.១ពាន់លានដុល្លារ ដែលជាទំហំធំបំផុត គិតមកទល់ពេលនេះ។ ក្រសួងការពារជាតិចិន បាននិយាយថា ខ្លួនបានសម្តែងការជំទាស់ទៅកាន់ភាគីអាមេរិក ហើយបានទទូចឱ្យអាមេរិកបញ្ឈប់ជាបន្ទាន់ នូវការលក់អាវុធឱ្យតៃវ៉ាន់ និងគោរពតាមការប្តេជ្ញារបស់ខ្លួន ក្នុងការមិនគាំទ្រចលនាចង់បានឯករាជ្យរបស់តៃវ៉ាន់។
ក្រសួងការពារជាតិចិន បានបន្តថា កងកម្លាំងយោធារបស់ចិន នឹងបន្តពង្រឹងការហ្វឹកហាត់ និងសមត្ថភាពត្រៀមប្រយុទ្ធរបស់ខ្លួន ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ ដើម្បីរក្សាការពារអធិបតេយ្យជាតិ និងបូរណភាពទឹកដី ហើយប្រឆាំងដាច់ខាត ចំពោះការប៉ុនប៉ងចង់បានឯករាជ្យរបស់តៃវ៉ាន់ និងការលូកលាន់ជ្រៀតជ្រែកពីខាងក្រៅ។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មិនមានទំនាក់ទំនងការទូតផ្លូវការជាមួយតៃវ៉ាន់ទេ ប៉ុន្តែជាខ្នងបង្អែកនិងអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់។ ទីក្រុងវ៉ាស៉ីនតោន មានកាតព្វកិច្ចផ្លូវច្បាប់ផ្តល់ឱ្យតៃវ៉ាន់នូវមធ្យោបាយការពារខ្លួន ខណៈការលក់សព្វាវុធឱ្យតៃវ៉ាន់ គឺជាប្រភពចម្បងមួយ នៃភាពរកាំរកូសក្នុងទំនាក់ទំនងជាមួយចិន៕






