អាមេរិកប្រកាសដាក់ទណ្ឌកម្ម លើសមាជិកគ្រួសារនិងអ្នកមានទំនាក់ទំនង ជាមួយមេដឹកនាំវ៉េណេស៊ុយអេឡា លោក Maduro (Video inside)
20-12-2025 11:44
(វ៉ាស៉ីនតោន)៖ នាថ្ងៃសុក្រ ទី១៩ ខែធ្នូ សហរដ្ឋអាមេរិក បានប្រកាសដាក់ទណ្ឌកម្មលើសមាជិកគ្រួសារ និងអ្នកមានទំនាក់ទំនង ជាមួយប្រធានាធិបតីវ៉េណេសុយអេឡា លោក Nicolas Maduro និងភរិយាលោក ខណៈទីក្រុងវ៉ាស៉ីនតោន បន្តបង្កើនសម្ពាធលើមេដឹកនាំវ៉េណេសុយអេឡារូបនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ក្រសួងហិរញ្ញវត្ថុអាមេរិក បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថា ខ្លួនបានដាក់ទណ្ឌកម្មលើមនុស្ស៧នាក់ ដែលមានទំនាក់ទំនងជាមួយលោក Maduro និងភរិយា។ រដ្ឋមន្រ្តីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បានចោទអ្នកទាំងនោះថា បានជួយជ្រោមជ្រែង រដ្ឋគ្រឿងញៀនទុច្ចរិតរបស់លោក Nicolas Maduro។
លោក Bessent បានលើកឡើងយ៉ាងដូច្នេះថា «យើងនឹងមិនអនុញ្ញាតឱ្យវ៉េណេស៊ុយអេឡា បន្តបង្ហូរគ្រឿងញៀនដ៏ប្រល័យចូលប្រទេសរបស់យើងឡើយ។ Maduro និងបក្ខពួកឧក្រិដ្ឋជនរបស់ខ្លួន គំរាមកំហែងសន្តិភាពនិងស្ថិរភាពក្នុងតំបន់របស់យើង។ រដ្ឋបាល ត្រាំ នឹងបន្តកំណត់គោលដៅលើបណ្តាញ ដែលជួយជ្រោមជ្រែងរបបដឹកនាំផ្តាច់ការខុសច្បាប់របស់ Maduro»។
លោក Maduro និងរដ្ឋាភិបាលរបស់លោក បានច្រានចោលការជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្មគ្រឿងញៀន ហើយបានចោទវិញថា សហរដ្ឋអាមេរិកកំពុងព្យាយាមផ្តួលរំលំរូបលោកចេញពីអំណាច ដើម្បីដណ្តើមកាន់កាប់ធនធានប្រេងដ៏ធំសម្បើមរបស់ប្រទេសវ៉េណេស៊ុយអេឡា។
គួរបញ្ជាក់ថា ប៉ុន្មានខែមកនេះ រដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ បាននិងកំពុងបង្កើនសម្ពាធយ៉ាងខ្លាំងលើលោក Maduro តាមរយៈការដាក់ពង្រាយយោធាក្នុងទ្រង់ទ្រាយធំ នៅភាគខាងត្បូងតំបន់សមុទ្រ Caribbean។ យោធាអាមេរិក បានបើកការវាយប្រហារប្រឆាំងទូកសង្ស័យដឹកគ្រឿងញៀននៅក្នុងតំបន់ ហើយរឹបអូសកប៉ាល់ដឹកប្រេងជាប់ទណ្ឌកម្ម១គ្រឿង នៅក្បែរឆ្នេរវ៉េណេស៊ុយអេឡា ព្រមទាំងបានប្រកាសបិទខ្ទប់កប៉ាល់ដឹកប្រេងដែលជាប់ទណ្ឌកម្មទាំងអស់ មិនឱ្យចេញឬចូលប្រទេសអាមេរិកឡាទីនមួយនេះ។ មិនតែប៉ុណ្ណោះ លោក ត្រាំ មិនបានច្រានចោលឡើយ នូវលទ្ធភាពនៃការធ្វើសង្រ្គាមប្រឆាំងវ៉េណេស៊ុយអេឡា៕




