រដ្ឋមន្រ្តីការបរទេសអាមេរិក សន្យាមិនបង្ខំឱ្យអ៊ុយក្រែនទទួលយកកិច្ចព្រមព្រៀងសន្តិភាព ខណៈការចរចាជុំថ្មីប្រព្រឹត្តទៅចុងសប្តាហ៍នេះ (Video inside)

20-12-2025 13:54

(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសុក្រ ទី១៩ ខែធ្នូ រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Macro Rubio បានសន្យាថា នឹងមិនចាប់បង្ខំអ៊ុយក្រែន ឱ្យទទួលយកកិច្ចព្រមព្រៀងណាមួយឡើយ ដើម្បីបញ្ចប់សង្រ្គាមឈ្លានពានរបស់រុស្ស៉ី ខណៈកិច្ចពិភាក្សាថ្មី ប្រពឹត្តទៅនាចុងសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការចរចាជុំថ្មីនេះកើតមានឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន បានប្តេជ្ញាបន្តការវាយលុកនៅអ៊ុយក្រែន ហើយសាទរភាពរីកចម្រើននៅលើសមរភូមិ។ ក្រុមបេសកជនរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានព្យាយាមជំរុញ​ផែនការសន្តិភាពមួយ ដែលក្នុងនោះសហរដ្ឋអាមេរិក នឹងផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន ប៉ុន្តែទីក្រុងកៀវទំនងនឹងត្រូវលះបង់​ទឹកដីមួយចំនួន ដែលជាចំណុចមិនពេញចិត្តពីសំណាក់ប្រជាជនអ៊ុយក្រែនភាគច្រើន។

លោក Rubio បាននិយាយថា ទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតគឺចាំបាច់ត្រូវមានការយល់ព្រមពីភាគីទាំងពីរ គឺអ៊ុយក្រែន និងរុស្ស៉ី ទើបកិច្ចព្រមព្រៀងណាមួយ អាចសម្រេចទៅបាន។ អំឡុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងវ៉ាស៉ីនតោន លោក Rubio បាននិយាយដូច្នេះថា «មិនអាចមានកិច្ចព្រមព្រៀងសន្តិភាពទេ លុះត្រាដែលអ៊ុយក្រែនយល់ស្រប។ ការអះអាងមួយចំនួនដែលថា យើងកំពុងព្យាយាមបង្ខំអ៊ុយក្រែន គឺមិនទំនងទាល់តែសោះ។ យើងមិនអាចបង្ខំឱ្យអ៊ុយក្រែន ទទួលយកកិច្ចព្រមព្រៀង។ យើងមិនអាចបង្ខំឱ្យរុស្ស៉ីទទួលយកកិច្ចព្រមព្រៀងដូចគ្នា។ ពួកគេទាំងពីរចាំបាច់ត្រូវតែយល់ព្រម ទទួលយកកិច្ចព្រមព្រៀង​ដោយខ្លួនឯង»

គួរបញ្ជាក់ថា បេសកជនពិសេសរបស់លោក ត្រាំ លោក Steve Witkoff និងកូនប្រសារបស់លោក គឺលោក Jared Kushner កំពុងបើកកិច្ចចរចាជុំថ្មី នៅទីក្រុង Miami រដ្ឋ Florida ជាមួយប្រធានក្រុមអ្នកចរចារបស់អ៊ុយក្រែន លោក Rustem Umerov ព្រមទាំងមន្រ្តីជាន់ខ្ពស់មកពីចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។ ក្រុមមន្រ្តីរុស្ស៉ី ដឹកនាំដោយប្រធានអ្នកចរចា​របស់វិមានក្រឹមឡាំង លោក Kirill Dmitriev ក៏ត្រូវបានរំពឹងថា នឹងជួបពិភាក្សាដាច់ដោយឡែក ជាមួយក្រុមមន្រ្តីអាមេរិក នៅ Florida នាចុងសប្តាហ៍នេះ ផងដែរ៕