ប៉ាគីស្ថាន កាត់ទោសអតីតនាយករដ្ឋមន្រ្តី លោក Imran Khan និងភរិយាដាក់ពន្ធនាគារ ១៧ឆ្នាំ ក្នុងករណីពុករលួយមួយផ្សេងទៀត
20-12-2025 21:00
(អ៉ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រី លោក Imran Khan និងភរិយា លោកស្រី Bushra Bibi ត្រូវបានតុលាការប៉ាគីស្ថាន កាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ ១៧ឆ្នាំក្នុងសំណុំរឿងពុករលួយ ពាក់ព័ន្ធការទិញអំណោយរដ្ឋប្រណីតក្រោមតម្លៃកំណត់។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ ២០២៥។
មេធាវីរបស់លោក Khan ប្រាប់ Reuters ថាតុលាការបានប្រកាសពីការកាត់ទោសដោយមិនស្តាប់មេធាវីការពារក្តី ហើយកំណត់ឱ្យជាប់ពន្ធនាគាររយៈពេល ១៧ឆ្នាំចំពោះលោក Khan និងលោកស្រី Bibi ជាមួយការពិន័យជាប្រាក់យ៉ាងច្រេីន។
តុលាការពិសេសនៃទីភ្នាក់ងារស៊ើបអង្កេតសហព័ន្ធរបស់ប៉ាគីស្ថាន បានឱ្យដឹងនៅក្នុងសាលក្រមរបស់ខ្លួនថា លោក Khan និងភរិយាត្រូវបានកាត់ឱ្យជាប់ពន្ធនាគារយ៉ាងតឹងរ៉ឹងរយៈពេល ១០ឆ្នាំតាមក្រមព្រហ្មទណ្ឌរបស់ប្រទេសសម្រាប់ការរំលោភលើទំនុកចិត្តព្រហ្មទណ្ឌ និង ៧ឆ្នាំបន្ថែមទៀតតាមច្បាប់ប្រឆាំងអំពើពុករលួយ។
គួរបញ្ជាក់ថា ការផ្តន្ទាទោសថ្មីនេះ គឺបន្ថែមលើបញ្ហាផ្លូវច្បាប់ជាបន្តបន្ទាប់សម្រាប់លោក Khan ក្រោយការជាប់ពន្ធនាគារចាប់តាំងពីខែសីហា ឆ្នាំ ២០២៣ ហើយបច្ចុប្បន្នកំពុងអនុវត្តទោសក្នុងពន្ធនាគាររយៈពេល ១៤ឆ្នាំ នៅក្នុងសំណុំរឿងពុករលួយដាច់ដោយឡែកមួយ៕





