លោក ហ្សេលេនស្គី ថាអាមេរិកផ្តល់ទម្រង់ចរចាថ្មីដែលអាចមានរុស្ស៉ី និងអ៊ុយក្រែន រួមទាំងអឺរ៉ុប
20-12-2025 22:38
(កៀវ)៖ នាថ្ងៃសៅរ៍ ទី២០ ខែធ្នូ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឱ្យដឹងថា សហរដ្ឋអាមេរិកបានផ្តល់ទម្រង់ថ្មីមួយដ៏មានសក្តានុពល សម្រាប់កិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៉ី ជាមួយអាមេរិក និងប្រហែលជាមានបេសកជនអឺរ៉ុបចូលរួម។ នេះបេីយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
លោក ហ្សេលេនស្គី និយាយថា ទីក្រុងកៀវ នឹងសម្រេចចិត្តលើទម្រង់នេះ ពេលដែលច្បាស់ថាការពិភាក្សាទ្វេភាគីជាមួយក្រុមអ្នកចរចាអាមេរិក ដែលបានបន្តកាលពីថ្ងៃសុក្រមានភាពវិជ្ជមានឬយ៉ាងណា ដោយបន្ថែមថា លោកគ្រោងយកបញ្ហានេះទៅជជែកជាមួយប្រធានប្រតិភូអ៊ុយក្រែន លោក Rustem Umerov។
ថ្លែងទៅកាន់អ្នកសារព័ត៌មានក្នុងទីក្រុងកៀវ លោក ហ្សេលេនស្គី មិនបានលម្អិតអំពីទម្រង់បែបណាដែលរដ្ឋបាលប្រធានាធិបតី ដូណាល់ ត្រាំ ស្នើឡើងទេ ដោយគ្រាន់តែឱ្យដឹងថា សហរដ្ឋអាមេរិកនឹងមានជំនួបដោយឡែកជាមួយអ្នកតំណាងរុស្ស៉ី ដូច្នេះកិច្ចចរចាអាចមានអាមេរិក អ៊ុយក្រែន រុស្ស៉ី ហេីយដោយសារតែអ្នកតំណាងអឺរ៉ុបនៅទីនោះស្រាប់ ប្រហែលជាអឺរ៉ុបក៏អាចមានវត្តមានផងដែរ។
គួរបញ្ជាក់ថា អ៊ុយក្រែន និងរុស្ស៊ី មិនបានចរចាទល់មុខគ្នាទេ ចាប់តាំងពីខែកក្កដាមក។ យន្តការការទូតគាំទ្រដោយសហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមជិត ៤ឆ្នាំនៅអ៊ុយក្រែន កាន់តែមានភាពតានតឹងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ៕




