លោក ហ្សេលេនស្គីថាសហរដ្ឋអាមេរិកត្រូវតែបង្កើនការដាក់សម្ពាធលើរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម

21-12-2025 09:38

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃសៅរ៍ ទី២០ ខែធ្នូ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកបង្កើនការដាក់សម្ពាធលើរុស្ស៉ី ដើម្បីបិទបញ្ចប់សង្រ្គាម ខណៈក្រុមអ្នកការទូតជួបប្រជុំគ្នានៅទីក្រុង Miami សហរដ្ឋអាមេរិក សម្រាប់កិច្ចចរចាថ្មីមួយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក ហ្សេលេនស្គី ក៏បាននិយាយដែរថាទីក្រុងវ៉ាស៊ីនតោនបានស្នើឱ្យមានជំនួបទល់មុខលើកដំបូងរវាងអ៊ុយក្រែន និងរុស្ស៉ី តែលោកនៅតែមានការសង្ស័យចំពោះជំនួបបែបនេះថាអាចជួយបញ្ចប់ សង្រ្គាមបាន។ តាមលោក ហ្សេលេនស្គី មានតែសហរដ្ឋអាមេរិកមួយប៉ុណ្ណោះដែលមានសមត្ថភាពបញ្ចុះបញ្ចូលរុស្ស៉ីឱ្យបញ្ចប់សង្រ្គាម ហើយលោកបានអំពាវនាវឱ្យទីក្រុងវ៉ាស៊ីនតោនបង្កើនការដាក់ សម្ពាធលើទីក្រុងមូស្គូដើម្បីធ្វើឱ្យរឿងនេះកើតឡើង។

ការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ធ្វើឡើងខណៈប្រេសិតពិសេសរុស្ស៉ី លោក Kirill Dmitriev បានធ្វើដំណើរទៅដល់ទីក្រុង Miami ជាទីដែលក្រុមមន្ត្រីអ៊ុយក្រែន​ និងអឺរ៉ុបបានជួបចរចាគ្នា ក្រោមការសម្របសម្រួលពីបេសកជនពិសេសអាមេរិក លោក Steve Witkoff និងកូនប្រសារប្រុសរបស់លោក ដូណាល់ ត្រាំ លោក Jared Kushner៕