កូរ៉េខាងជើង៖ មហិច្ឆតារបស់ជប៉ុនចង់កាន់កាប់អាវុធនុយក្លេអ៊ែរ គួរតែត្រូវបានទប់ស្កាត់
21-12-2025 09:58
(សេអ៊ូល)៖ កូរ៉េខាងជើង នៅថ្ងៃអាទិត្យ ទី២១ ខែធ្នូ បាននិយាយថាមហិច្ឆតារបស់ជប៉ុនដើម្បីកាន់កាប់អាវុធនុយក្លេអ៊ែរគួរតែត្រូវបានទប់ស្កាត់។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA ដកស្រង់ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
KCNA ដោយផ្អែកលើបទអត្ថាធិប្បាយមួយរបស់មន្ត្រីគោលនយោបាយការបរទេសកូរ៉េខាងជើង បានគូសបញ្ជាក់ថាជប៉ុនកំពុងបង្ហាញពីចេតនាចង់កាន់កាប់អាវុធនុយក្លេអ៊ែរ តាមរយៈការនិយាយដោយឥតលាក់ លៀមថាខ្លួនចាំបាច់ត្រូវតែធ្វើការត្រួតពិនិត្យឡើងវិញលើគោលការណ៍គ្មានអាវុធនុយក្លេអ៊ែរ។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងមួយនេះក៏បានសង្កត់ធ្ងន់ដែរថាជប៉ុនកំពុងចាប់ផ្ដើមធ្វើការអត្ថាធិប្បាយពីមហិច្ឆតា នុយក្លេអ៊ែរកាន់តែសកម្ម បន្ទាប់ពីសហរដ្ឋអាមេរិកបានបើកផ្លូវបៃតងឱ្យកូរ៉េខាងត្បូងផលិតនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។
កាលពីខែតុលាកន្លងទៅ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាលោកបានអនុញ្ញាតឱ្យកូរ៉េខាងត្បូងសាងសង់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ក្រោយរូបលោកធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាទីដែលលោកបានជួបប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung៕




