នាយករដ្ឋមន្ត្រីអ៉ីស្រាអែល មានគម្រោងបញ្ចុះបញ្ចូលឱ្យលោក ត្រាំ វាយប្រហារជាថ្មីលើអ៉ីរ៉ង់
21-12-2025 16:27
(វ៉ាស៊ីនតោន)៖ សារព័ត៌មាន NBC News កាលពីថ្ងៃសៅរ៍ ទី២០ ខែធ្នូ បានរាយការណ៍ថានាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu មានគម្រោងបញ្ចុះបញ្ចូល ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ថាការពង្រីកណាមួយនៃកម្មវិធីមីស៊ីលបាលិស្ទីគរបស់អ៉ីរ៉ង់អាចនឹងបង្កការគំរាមកំហែងមួយដែលតម្រូវឱ្យធ្វើសកម្មភាពទប់ស្កាត់ ឱ្យបានឆាប់រហ័ស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
NBC News ដោយផ្អែកលើប្រភពមួយដែលបានដឹងពីគម្រោងខាងលើ និងអតីតមន្ត្រីអាមេរិក៤រូប បានឱ្យដឹងទៀតថាក្រុមមន្ត្រីអ៉ីស្រាអែលជឿជាក់ថាអ៉ីរ៉ង់ប្រហែលជាកំពុងសាងសង់ ឡើងវិញទីតាំងចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូមដែលត្រូវបានបំផ្លាញដោយសារការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកកាលពីខែមិថុនាកន្លងទៅ។ ក្រុមមន្ត្រីអ៉ីស្រាអែលក៏កំពុងត្រៀមធ្វើ បទបង្ហាញខ្លីៗជូនលោក ត្រាំ អំពីជម្រើសសម្រាប់ការបើកការវាយប្រហារតាមផ្លូវអាកាសសាជាថ្មីដោយកំណត់គោលដៅលើសមត្ថភាពមីស៊ីលរបស់អ៉ីរ៉ង់ផងដែរ។
ប៉ុន្តែខាងទីភ្នាក់ងារសារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ព័ត៌មានខាងលើដោយឯករាជ្យបាននៅឡើយទេ៕





